(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងអំពាវនាវយ៉ាងទទូចប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានកាន់តែខ្ពស់ចំពោះជំងឺកូវីដ១៩ ក្រោយកម្ពុជាទើបរកឃើញអ្នកឆ្លងថ្មី១ករណីទៀតនៅថ្ងៃនេះ។
ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសលោកស្រីចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកស្វាយទាប និងក្រុងបាវិតសរុប១២៣គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ស្រ្តីមេម៉ាយកូនច្រើន និងអ្នកមានជំងឺប្រចាំកាយ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ៣នាក់ទេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ១២៣នាក់។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ហើយជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិត ភ្លាមៗផងដែរ»។
នៅក្នុងពិធីសំណេះសំណាលនេះ លោកស្រីបាននាំការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ លោកស្រីថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង។
លោកស្រី ម៉ែន សំអន ក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុង ការទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ ជាពិសេស ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ ចំពោះអ្នកដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។
លោកស្រីថែមទាំងបានអំពាវនាវប្រជាពលរដ្ឋ ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋ រួមមាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា ១ អាវយឺត ២ ម៉ាស១ និងថវិកាធ្វើដំណើរចំនួន ៤ម៉ឺនរៀលផងដែរ៕