(កំពង់ស្ពឺ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញទន់ជូនកម្មករនិយោជិត ក្នុងពេលព្យួរកិច្ចសន្យាការងារ អំពីវិធីបំពេញបែបបទ ដើម្បីទទួលកញ្ចប់ថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចំនួន២០% ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមប្រតិភូអមដំណើរ ក្រុមការងារថ្នាក់ខេត្ត និងសិក្ខាកាម ប្រមាណចំនួន១០០០នាក់ និងកម្មករ-កម្មារិនី ៥២៨២នាក់ នៅក្រុមហ៊ុន ស៊ីក្លូ (ខេមបូឌា) ឯ.ក, ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

លោក វ៉ី សំណាង បានថ្លែងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងថ្មី អំពីរបត់ការងារថ្មី និងការទំនាក់ទំនងការងារឲ្យកាន់តែល្អថែមទៀតដល់កម្មករ- កម្មការីនី។ សម្រាប់កម្មករ ដែលរោងចក្រព្យួរកិច្ចសន្យាការងារកន្លងមក ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល ពួកគាត់នឹងត្រូវបានបំពេញបែបបទដើម្បីទទួលយកកញ្ចប់ថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលចំនួន២០% នៃប្រាក់ឈ្នួលរបស់កម្មករ៕