(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងថា ទុក្ខលំបាក និងការសំណូមពរតម្រូវការខ្វះខាត របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាបញ្ហាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ និងតែងតែត្រូវបានដោះស្រាយជានិច្ច។

លោកថ្លែងបែបនេះ ក្នុងឱកាសលោក និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំបើកជាវេទិកាជាសាធារណៈ ដោះស្រាយបញ្ហាប្រឈមសំណូមពរតម្រូវការ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវ ស្ដារប្រឡាយទឹក សុំបើកច្រករបៀងព្រែកអូរអន្សា ជាផ្លូវការស្របច្បាប់ ទំនាស់ដីធ្លី រកទីផ្សារលក់ស្រូវអង្ករ និងបញ្ហាសណ្ដាប់ធ្នាប់អនាម័យ បរិស្ថានក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់ច្រករបៀងទ្វេភាគី ព្រែកអូរអន្សា ព្រំដែនវៀតណាម-កម្ពុជា ក្នុងឃុំព្រៃទន្លេស្រុកបន្ទាយមាស ខេត្តកំពត។

លោក ជាវ តាយ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ឬក៏អាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ មិនត្រូវបានព្រងើយកន្តើយ ហើយមិនបានគិតគូរយកចិត្តទុកដាក់ ចុះដោះស្រាយរាល់បញ្ហាសុខទុក្ខលំបាកខ្វះខាត បញ្ហាប្រឈម និងសំណូមពរតម្រូវការនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសោះនោះឡើយ។ ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន តែងតែបានក្រើនរំលឹក និងជំរុញណែនាំផ្ដាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមបណ្ដាមូលដ្ឋាន ត្រូវតែសកម្មយកចិត្តទុកដាក់ ចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ ឲ្យបានច្បាស់លាស់ជាក់លាក់ ពីតម្រូវការសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាក និងបញ្ហាកង្វល់នានាដោយមិនបានគិតគូរដោះស្រាយ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។

លោកអភិបាលខេត្ត ក៏បានសំណូមពរប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភលើទីផ្សារស្រូវអង្ករ តែបញ្ហាសំខាន់ ត្រូវខិតខំជំរុញការងារបង្កបង្កើតផល ឲ្យបានទាំងបរិមាណ និងគុណភាព ហើយកុំទុកដីស្រែទំនេរចោល គឺតម្លៃទីផ្សារពិតជាបានល្អប្រសើរឡើងតាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។ ប្រជាពលរដ្ឋ ត្រូវតែមានស្មារតីឆន្ទៈចូលរួមសហការ អនុវត្តទាំងអស់គ្នា ជាមួយនឹងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ទាំងការងារអភិវឌ្ឍ ការគោរពច្បាប់ ការថែរក្សាសម្បត្តិសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ពិសេសថែរក្សាសុខសន្តិភាព ដែលមានដូចសព្វថ្ងៃនេះ នោះទើបប្រទេសជាតិតទៅមុខទៀតនឹងកាន់តែរីកចម្រើន ប្រជាជនក៏មានជីវភាពកាន់តែល្អប្រសើរឡើងផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុបចំនួន ១,០៦០,០០០រៀល ជូនដល់កងកម្លាំង សរុប៥៣នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល៕