(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងសារ ដោយបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំងថែមទៀត ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង យ៉ាងដូច្នេះថា៖
ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកម្សាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬជែលប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការការឆ្លងរោគ។
ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសឲ្យសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេនោះ គឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ កំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បើមានចម្ងល់ ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្ទទៅលេខ ១១៥។
សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត ដែលកើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។ បុរសដែលរកឃើញមានកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា ហើយបុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមិថុនា។
សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕