(សេអ៊ូល-កូរ៉េខាងត្បូង)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង, នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារស្ត្រី និងក្រុមការងារបន្លែសហគមន៍ស្រ្តីខ្មែរ ដែលដឹកនាំដោយលោកស្រី ញឹម ដាវី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kouk Yongseok ប្រធានសាខាក្រុមហ៊ុន NH ប្រចាំតំបន់ Wanju នៃខេត្ត Jeollabuk-do ដែលមានចម្ងាយប្រមាណ ២២០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល និងបានចុះទស្សនកិច្ចនៅកសិដ្ឋាន បន្លែអាស៉ីដែលដាំដុះដោយជនបរទេស និងជនជាតិខ្មែរនៅតំបន់នោះ។

ការបង្កបង្កើនផលកសិកម្មនេះ ទទួលបានការណែនាំទាំងផ្នែកបច្ចេកទេសដាំដុះ ទាំងផ្នែកហិរញ្ញវត្ថុ និងទីផ្សារពីសំណាក់ក្រុមហ៊ុន NH។

ឆ្លើយតបចំពោះដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន NH បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយសន្យាថានឹងជួយជ្រោមជ្រែង ដើម្បីឲ្យគម្រោងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ទទួលបានជោគជ័យផងដែរ។ ជាមួយគ្នានេះ ក្រុមការងារស្ត្រី បានដកបទពិសោធន៍ពីបច្ចេកទេសនៃការបណ្ដុះគ្រាប់ពូជ បច្ចេកទេសដាំដុះទាំងក្នុងរដូវក្តៅ និងរដូវត្រជាក់ ព្រមទាំងការវេចខ្ចប់ជាលក្ខណៈគ្រួសារដើម្បីផ្គត់ផ្គង់នៅតាមទីផ្សារ សម្រាប់ជាបទពិសោធន៍ជួយដល់សហគមន៍ខ្មែរទាំងនៅកូរ៉េ និងកម្ពុជាផងដែរ។

សូមជម្រាបថា គម្រោងកសិកម្មនេះមានគោលបំណងចំបងសំដៅជួយទៅដល់ស្រ្តីខ្មែរយើង ដែលមានចំណាប់អារម្មណ៍ខាងកសិកម្ម និងចង់ស្វែងរកចំណូលបន្ថែមនៅក្នុងគ្រួសារ ហើយសង្ឃឹមថាទស្សនកិច្ចដ៏តូចមួយនេះ អាចក្លាយទៅជាកិច្ចសហប្រតិបិត្តការរវាងប្រទេសកម្ពុជា និងកូរ៉េបន្តនៅថ្ងៃអនាគត ស្របតាមគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ភូមិ១ផលិតផល១។

ក្រុមហ៊ុន NH ជាសម្ព័ន្ធសហករណ៍ និងកសិកម្មដែលគ្រប់គ្រងដោយរដ្ឋ និងឯកជន ហើយមានតួនាទីជាអ្នករៀបចំគោលនយោបាយកសិកម្មជាតិ ផ្ដល់ជំនួយទាំងផ្នែកគ្រាប់ពូជ ជី និងហិរញ្ញវត្ថុ ព្រមទាំងជួយប្រមូលផល វេចខ្ចប់មុនពេលបញ្ចេញលក់ផលិតផលកសិកម្មទៅកាន់ទីផ្សារកូរ៉េ៕