(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឆ្លៀតពេលពីការងារក្នុងអង្គភាព ចុះទៅពិនិត្យ និងជម្រុញការសាងសង់អគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឲ្យឆាប់រួចរាល់តាមការកំណត់ ដែលអគារនេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។
អគារដែលសាងសង់នេះ គឺស្របតាមទស្សនៈដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕