(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីក្រើនរំលឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់លើកទីពីរ នៃការចម្លងវីរុសកូរីដ ១៩ នៅកម្ពុជា។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង០៧ ព្រឹកនៃថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មានករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០១នាក់បន្ថែមទៀត (រកឃើញលើអ្នក ដំណើរដែលបានវិលត្រឡប់មកពីប្រទេសបារាំង ឆ្លងកាត់តាមសាធារណរដ្ឋកូរ៉េ) ដែលជាករណីនាំចូល និងជាករណីទី១២៦។ ការរកឃើញករណីឆ្លងថ្មីរប៉ះរបោះៗនេះ បង្ហាញពីស្ថានភាពចម្លងវីរុសកូវីដ-១៩នៅកម្ពុជាមាន ការពិបាកប៉ាន់ស្មាន ពីលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេស និងនៅតែជាហានិភ័យសុខភាពសាធារណៈ ដែលតម្រូវឱ្យបុគ្គលគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការការពារសុខភាពផ្ទាល់ខ្លួនជាប់ជានិច្ច។

ក្រសួងសុខាភិបាលបន្តថា ទន្ទឹមនឹងការបន្តរកឃើញករណីឆ្លងថ្មីនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បាន និងកំពុងតែចល័តដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដើរកម្សាន្តនានា ឬក៏មានការជួបជុំគ្នាច្រើនជាដើម ដោយមិនបានឬក៏ភ្លេចខ្លួន ក្នុងការបន្តអនុវត្តវិធានការការពារខ្លួនពី ការចម្លងវីរុសកូវីដ-១៩។ ឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩បែបនេះរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ជាហានិភ័យសុខភាពសាធារណៈ ដែលអាចនឹងកើតមានឡើងនូវការចម្លងរោគក្នុង ចំណោមក្រុមមនុស្ស នៅទីកន្លែងណាមួយ នៅពេលណាមួយ និងនៅកាលៈទេសៈណាមួយ ហើយដែលអាចឈានទៅដល់ ស្ថានភាពនឹងអាចកើតមាននូវរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។

ដើម្បីបញ្ចៀសពីហានិភ័យ ដែលពិបាកនឹងប៉ាន់ស្មានបាន នូវការកើតមានឡើងនូវរលកទីពីរនៃ ការចម្លងវីរុសដ៏កាចសាហាវនេះ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូនសាធារណជនទាំងអស់ «ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខ ភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តន៍វិធានការសាមញ្ញៗ មានដូចជាការរក្សាអនាម័យដៃស្អាតជាប់ជានិច្ច (ដោយលាងដៃដោយប្រើទឹកស្អាតជាមួយនឹងសាប៊ូ ឬអាល់កុល ឬទឹកដែលលាដដៃ ឱ្យបានញឹកញាប់) ការប្រើប្រាស់ម៉ាស់ (ក្នុងករណីចាំបាច់) កន្សែង ឬក្រមាំ ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ និងការរក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។ ទោះជានៅទីណាក៏ដោយ។

ក្រសួងសុខាភិបាលបន្តថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយកន្លងទៅនេះ ដើម្បីធានាថា មិនមានការ ចម្លងវីរុសកូវីដ-១៩ នៅទីតាំងហាងរបស់ខ្លួន។ ដោយឡែក សម្រាប់ការរក្សាគម្លាតសុវត្ថិភាព លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការ ណែនាំក្រើនរំលឹក ដូចខាងក្រោមនេះ៖

១៖ ការរក្សាគម្លាតសុវត្ថិភាពសង្គម

ការរក្សាគម្លាតសុវត្ថិភាពសង្គម គឺជាការកាត់ផ្តាច់ខ្សែសង្វាក់ចម្លងវីរុសកូវីដ-១៩ តាមរយៈការជួបជុំគ្នាលើសពីពីរនាក់ ដោយយើងត្រូវអនុវត្តវិធានប្រតិបត្តិសំខាន់ៗមាន៖

* ចៀសវាង ឬបើចៀសមិនបាន ត្រូវកាត់បន្ថយឱ្យបានជាអតិប្បរិមា នូវការជួបជុំគ្នាក្នុងសង្គម ដែលមានមនុស្សម្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជាការជួបជុំគ្នាក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគំតន្ត្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំធ្វើខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុង ទ្រង់ទ្រាយធំ ការដើរកម្សាន្តប្រមូលផ្តុំគ្នាច្រើនជាដើម។

* ចៀសវាងការហាត់ប្រាណជាក្រុមនៅតាមក្លិប ឬហាត់ជាក្រុមនៅទីតាំង ដែលជាការប្រមូលផ្តុំគ្នានៅ ក្នុងទីកន្លែងដែលបិទជិត ចៀសវាងទីកន្លែងណាដែលមានមនុស្សម្នាច្រើន អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមាន ផ្ទៃពោះ និងកុមារតូចៗជាដើម មិនត្រូវចូលរួមដំណើរ ជួបប្រជុំគ្នា ឬបើមានការចាំបាច់បំផុតនោះ ត្រូវ តែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងផ្តល់មធ្យោបាយជំនួសវិញ (ឧទាហរណ៍ប្រើទូរសព្ទ ប្រើជាសារសំឡេង ប្រើជាបែបទំនាក់ទំនងតាមវីដេអូ ឬការសរសេរជាដើម) សម្រាប់ការចូលរួមរបស់ពួកគេ លុបចោល ឬពន្យារពេលការជួបជុំ ឬប្រជុំ និងព្រឹត្តិការណ៍ដែលបង្កឱ្យមានមនុស្សច្រើន មិនគួរចេញទៅក្រៅផ្ទះ បើមិនចាំបាច់។

២៖ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល

ការរក្សាគម្លាតសុវត្ថិភាពបុគ្គល គឺជាការរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀត ដូចជាអង្គុយ ឈរ ឬឈររង់ចាំ ឬឈរជជែកគ្នា ឱ្យបានយ៉ាងតិចពី ១.៥ម៉ែត្រឡើងទៅ ដោយសារវីរុសកូវីដ-១៩ អាចចម្លងតាម តំណក់ទឹកមាត់តូចៗនៅពេលដែលយើងនិយាយ ឬក្អកកណ្ដាស់ និងតាមរយៈការប៉ះពាល់ទឹករំអិលផ្លូវដង្ហើម នៃសរីរាង្គកាយមនុស្ស ឬការប៉ះពាល់សត្វ ជាដើម។ ដូច្នេះ យើងទាំងអស់គ្នាត្រូវ៖

* ពេលជួបគ្នាចៀសវាងការឱបថើប ចាប់ដៃគ្នា ដោយជំនួសមកវិញនូវការអនុវត្តការសំពះគ្នា ឬការលើកដៃធ្វើជាសញ្ញា ឬការងក់ក្បាល ដែលមានចម្ងាយគម្លាតពីគ្នាឱ្យបានយ៉ាងតិចពី ១.៥ម៉ែត្រឡើង។

* ត្រូវរក្សាគម្លាតពីម្នាក់ទៅម្នាក់ទៀតឱ្យបានយ៉ាងតិច ១.៥ម៉ែត្រឡើង ប្រើម៉ាស់ (ក្នុងករណីចាំបាច់) ឬ ប្រើក្រមា ឬកន្សែង ព្រមទាំងអនុវត្តអនាម័យដៃស្អាតជានិច្ច នៅតាមទីកន្លែង ដូចជានៅទីកន្លែងធ្វើការ ទីកន្លែងសាធារណៈ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្តលំហែកាយ ឬទីកន្លែងទេសចរនានា និងមធ្យោបាយធ្វើដំណើរជាដើម។

* ក្នុងករណីមានការប្រជុំ ការបណ្ដុះបណ្ដាល និងសិក្ខាសាលា (ដែលចាំបាច់ត្រូវធ្វើ) អ្នករៀបចំត្រូវធានាថា បន្ទប់ធំមានខ្យល់ចេញ ចូល ត្រូវរៀបចំឱ្យរក្សាគម្លាតពីម្នាក់ទៅម្នាក់យ៉ាងតិច១.៥០ ម៉ែត្រឡើង លើវ៉ាស់កំដៅបុគ្គលចូលរួម អ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាស់ និងអនុវត្តអនាម័យលាងដៃជាប់ជា ប្រចាំជាដើម។ បុគ្គលដែលមានបញ្ហាសុខភាព មិនត្រូវមកចូលរួមនោះទេ។

ក្រសួងសុខាភិបាលអំពាវនាវទៀតថា សូមបងប្អូនសាធារណជនទាំងអស់ ចូលរួមអនុវត្តន៍តាមការណែនាំក្រើនរំលឹករបស់ក្រសួងខាងលើនេះ ឱ្យបានគ្រប់ៗគ្នា និងមានប្រសិទ្ធភាព ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុម គ្រួសារខ្លួន និងសុខភាពសហគមន៍ មិនមានការចម្លងរោគ ព្រមទាំងចូលរួមទប់ស្កាត់កុំឱ្យមានរលកទី ពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា៕