(ឥស្លាម៉ាបាដ)៖ នៅក្នុងសប្តាហ៍នេះ ប្រទេសប៉ាគីស្ថាន បានប្រកាសថា ចាប់តាំងពីផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តន៍ច្បាប់លើកលែងទោសប្រហារ ជីវិតមនុស្សនៅឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានកាត់ទោសប្រហារជីវិតសកម្មជនប្រយុទ្ធ និងឧក្រិដ្ឋជនចំនួន៣៣២នាក់ហើយ ដែលនេះជាសេចក្តីប្រកាសជាផ្លូវការជាលើកដំបូងមួយរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា ប្រទេសអាស៊ីខាងត្បូងមួយនេះ បានបង្ហាញផែនការសកម្មភាពជាតិ ដែលត្រូវបានហៅកាត់ថា NAP ដើម្បីទប់ទល់នឹងសកម្មភាពរបស់ពួកសកម្មជនប្រយុទ្ធតាលីបង់ បានបាញ់សម្លាប់មនុស្សប្រមាណ១៥០នាក់ ក្នុងនោះភាគច្រើនជាកុមារ ក្នុងសាលាមួយកន្លែងក្រោមការគ្រប់គ្រងរបស់យោធា ក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ៕