(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់តំណាងប្រទេស កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងជប៉ុន នៅថ្ងៃសៅរ៍នេះ បានព្រមព្រៀងគ្នាក្នុងការបន្ថែមទណ្ឌកម្មកាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបចំពោះសកម្មភាពបាញ់សាកល្បងនុយក្លេអ៊ែររបស់ប្រទេស កូរ៉េខាងជើងកាលពីពេលថ្មីៗកន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។
លោក Lim Sung-nam អនុរដ្ឋមន្ត្រីការបទេសកូរ៉េខាងត្បូង បានលើកឡើងថា « យើងបានព្រមព្រៀងគ្នាក្នុងការបញ្ជូនសារយ៉ាងតឹងរឹង និងច្បាស់លាស់ ទៅកាន់ប្រទេស កូរ៉េខាងជើងតាមរយៈការចាត់វិធានការណ៍ជាបន្ទាន់»។ លោកបន្តថា ប្រសិនបើសហគមន៍អន្តរជាតិមិនចាត់វិធានការណ៍ក្នុងពេលបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងភ្លាមៗទេនោះ វាធ្វើឲ្យយើងខាតបង់កាន់តែខ្លាំងក្នុងពេលខាងអនាគត៕