(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិសមាគមនារីថ្នាក់កណ្ដាល និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ដែលបានមកទទួលយកគ្រាប់ពូជបន្លែ គប្បីឧស្សាហ៍ព្យាយាមក្នុងការដាំដំណាំ និងយកគ្រាប់ពូជដែលចែកជូនទៅដាំដុះ សម្រាប់ធ្វើជាគ្រួសារគំរូនៅក្នុងមូលដ្ឋាន។
្កការអំពាវនាវរបស់ថ្នាក់ដឹកនាំនារីទាំង២ បានធ្វើឡើងនៅបរិវេណសាលាសង្កាត់ស្វាយអាត់ ក្នុងពិធីសំណេះសំណាល និងចែកគ្រាប់ពូជបន្លែ ជូនដល់ប្រជាពលរដ្ឋ៥ភូមិ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ចំនួន១០២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម ផ្លែចបកាប់១ ក្រមា១ និងគ្រាប់ពូជបន្លែ៥មុខ ជាអំណោយរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
លោកស្រី ឯម ប៊ុណ្ណា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានលើកឡើងថា ការដាំដុះបន្លែបង្ការត្រូវតែអនុវត្ត គ្រប់រដូវកាល ទៅតាមក្រុមគ្រួសារនីមួយៗ ដោយមិនចាំបាច់តែនៅក្នុងអំឡុងកូវីដ១៩ទើបយើងដាំដុះនោះទេ ពីព្រោះបន្លែបង្ការវាជាតម្រូវការចាំបាច់ណាស់ សម្រាប់យើងទាំងអស់គ្នាទទួលទានប្រចាំថ្ងៃ។ យើងត្រូវគិតថា តាមរយៈនៃការដាំដំណាំបន្លែបង្ការនៅជុំវិញលំនៅដ្ឋាន ទទួលបានផលប្រយោជន៍ជាច្រើន ក្នុងការរួមចំណែកបង្កើននូវប្រាក់ចំណូល ជីវភាពកាន់តែធូធារ កាត់បន្ថយការចំណាយនិងមិនធ្វើចំណាកស្រុកនោះជាដើម។ ដោយមើលឃើញអំពីផលប្រយោជន៍ដ៏ធំធេង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន តែងតែខិតខំគៀងគរ ស្វែងរកប្រភពធនធានសម្រាប់ជួយសម្រួល និងដោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ពិសេសនៅក្នុងអំឡុងនៃការផ្ទុះរីករាលដាល នៃជំងឺកូវីដ១៩។
ថ្នាក់ដឹកនាំនារីទាំង២ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ពិតជាមានភ័ព្វសំណាងណាស់ ដែលពុំមានករណីកូវីដ១៩ ដើម្បីរក្សាបាននូវភាពជោគជ័យបន្តទៅទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ។ ក្រោយពេលទទួលបានគ្រាប់ពូជបន្លែបង្ការនេះហើយ គប្បីយកទៅដាំដុះ កុំទុកឱ្យដីនៅទំនេរចោល ព្រោះថាពេលនេះ គឺឈានចូលរដូវវស្សា ទីកន្លែងមួយចំនួនមានទឹកភ្លៀងគ្រាប់គ្រាន់ ងាយស្រួលក្នុងការស្រោចស្រពដំណាំ។
តាមរយៈនេះថ្នាក់ដឹកនាំនារីទាំង២ សូមឱ្យប្រជាពលរដ្ឋត្រូវថែររក្សាការពារសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕