(ភ្នំពេញ)៖ ការនាំចេញពោតក្រហមរបស់កម្ពុជាក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ មានចំនួន៣៥,៦៣៦តោន ថយចុះប្រមាណ១៥,០៤៣តោន ស្មើរនឹងជិត៣០ភាគរយ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការធ្លាក់ចុះការនាំចេញនេះ ត្រូវបានលោករដ្ឋមន្ត្រីកសិកម្មអះអាងថា ជាសញ្ញាល្អការជំរុញការកែឆ្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក។
លោក វេង សាខុន បានឲ្យដឹងថា «ជាក់ស្តែងនៅឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញពោត ក្រហមបាន ២០៤,១៨៤តោន, នៅឆ្នាំ២០១៩ សម្រេចបានត្រឹមតែ១១៩ ,៩៩៣តោន ហើយជាពិសេសការនាំចេញពោតក្រហម របស់កម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ៣៥,៦៣៦តោន ថយចុះប្រមាណ១៥,០៤៣តោនស្មើនឹង-២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន៥០,៦៧៩តោន»។
លោកបានបន្ថែមថា ទន្ទឹមនឹងនេះការផលិតពោតក្រហម របស់កសិករកម្ពុជាកើនឡើងជាលំដាប់ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ សម្រេចបាន១,១១៤,៩៥៦តោនក្នុងឆ្នាំ២០១៩, សម្រេចបាន១,០៦៣,៦៧៧តោនក្នុងឆ្នាំ២០១៨, សម្រេចបាន៥៩៦,១១២តោននៅឆ្នាំ២០១៧ និងសម្រេចបាន៣៣៣,០៥៨តោននៅឆ្នាំ២០១៦។
លោកបន្ដថា លទ្ធផលខាងលើនេះបានបង្ហាញ អំពីក្តីមោទនៈភាពជាតិ និងជាការពេញចិត្ត សម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញតួលេខនាំចេញពោតក្រហម មានការថយចុះក្នុងរយៈពេលជាងមួយឆ្នាំនេះ ព្រោះប្រាកដណាស់ថាបរិមាណពោតក្រហម ដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចូលទៅកាន់រោងចក្រកែឆ្នៃ ចំណីសត្វក្នុងស្រុក ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកែឆ្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការដំឡើងពន្ធនាំចូលពោតក្រហម ពីខាងក្រៅមកកែឆ្នៃនៅកម្ពុជា៕