(កំពង់ឆ្នាំង)៖ អតីតយោធាម្នាក់ មានគំនិតច្នៃប្រឌិតខ្ពស់គួរឱ្យកោតសរសើរ ដោយគាត់អាចបង្កើតវារីអគ្គិសនីខ្នាតតូច ដែលប្រើដោយកម្លាំងចរន្តទឹកហូរពីលើកំពូលភ្នំ ខួបប្រាំងខួបវស្សា តាមរយៈរហាត់ទឹកធ្វើឱ្យវិល២៤ម៉ោង អូសទាញឌីណាម៉ូ១០គីឡូវ៉ាត់ បង្កើតទៅជាចរន្តអគ្គិសនី សម្រាប់ប្រើប្រាស់នៅក្នុងបរិវេណចំការ និងក្នុងលំនៅដ្ឋានរបស់ខ្លួន ព្រមទាំងយកទឹកចេញពី រហាត់មកស្រោចស្រពដំណាំក្នុងចំការបានយ៉ាងងាយស្រួលទៀតផង។
លោក ភោគ ហៀង អាយុ៦៣ឆ្នាំ រស់នៅធ្វើចំការត្រង់ចំណុចចង្កេះភ្នំរលៀបគុយ ក្នុងភូមិរលាបគុយ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាម្ចាស់ចំការបានឲ្យដឹងថា លោក បានបង្កើតវារីអគ្គិសនីដើរដោយចរន្តទឹកធ្លាក់ពីកំពង់ភ្នំនេះ ប្រើបានរយៈពេល៣ឆ្នាំមកហើយ ដែលគាត់បានច្នៃប្រឌិតឡើងដោយខ្លួនឯង គឺចំណាយពេលធ្វើវា រយៈពេលជាច្រើនខែ ទើបទទួលបានជោគជ័យ ក្នុងការទាញយកភ្លើងមកប្រើប្រាស់តាមរយៈវារីអគ្គិសនីខ្នាតតូចខាងលើនេះ។
ជួបសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ភោគ ហៀង បានរៀបរាប់ថា ដំបូងគាត់បានប្រទះឃើញប្រភពទឹកធ្លាក់ពីលើភ្នំមានកម្លាំងខ្លាំង គួបផ្សំនឹងការឧស្សាហ៍ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណែតផងនោះ គាត់ក៏បានបែកគំនិតចង់បង្កើតវារីអគ្គិសនីខ្នាតតូច ដើម្បីយកអគ្គិសនីប្រើប្រាស់ ព្រោះនៅទីនោះជាតំបន់ភ្នំឆ្ងាយដាច់ស្រយាលគ្មានអគ្គិសនីប្រើប្រាស់នោះឡើយ។ បន្ទាប់មកគាត់ក៏បានច្នៃដាក់ទុយយោនាំទឹក ពីភ្នំមកក្រោម និងបានច្នៃធ្វើរហាត់ទឹកឲ្យវិលដោយកម្លាំងទឹកហូរ ទាញឌីណាម៉ូកម្លាំង១០គីឡូវ៉ាត់ បានយ៉ាងងាយស្រួល និងមានចរន្តអគ្គិសនី២២០វ៉ុលសំរាប់ប្រើប្រាស់ជុំវិញចំការ និងគេហដ្ឋានផងដែរ។
លោកបានបន្តទៀតថា មិនត្រឹមតែប្រើក្នុងចំការប៉ុណ្ណោះទេ គាត់ថែមទាំងបានប្រើអំពូលភ្លើងប្រមាណជាង៣០អំពូល សម្រាប់បំភ្លឺជុំវិញគេហដ្ឋាននៅពេលយប់ ហើយប្រើឆ្នាំងដាំបាយអគ្គិសនី ឆ្នាំងដាំទឹកក្តៅ កង្ហារ ទូរទឹកកកចំនួន២នៅតាមបន្ទប់ ព្រមទាំងកុំព្យូទ័រ និងទូរទស្សន៍ ថែមទាំងបានប្រើប៉ុស្តផ្សាដែកបានយ៉ាងងាយស្រួលទៀតផង។
លោក ភោគ ហៀង បានបញ្ជាក់ថា រហាត់ទឹកនេះប្រើស្លាបចក្រត្រឹមតែចំនួន២៤កាំប៉ុណ្ណោះ បើប្រើលើសពីនេះ មិនអាចវិលតាមកម្លាំងទឹកហូរបានឡើយ ព្រោះនៅរដូវប្រាំងទឹកហូរធ្លាក់ពីលើភ្នំហាក់ដូចជាខ្សោយជាងរដូវវស្សា ដូច្នេះខាងលោកបានធ្វើតម្រូវទាំងពីររដូវតែម្តង។
ចំណែកការប្រើប្រាស់រហាត់ទឹកទាញយកចរន្តអគ្គិសនីនេះ លោកដឹងខ្លួនឯងថា ជាការងាយស្រួលម្យ៉ាងសម្រាប់គ្រួសារគាត់ ដែលមករស់នៅក្នុងព្រៃភ្នំដាច់ស្រយាល ពីអ្នកភូមិដែលមានចម្ងាយរហូតទៅដល់ជាង១០គីឡូម៉ែត្រ ដែលទីនេះមិនសូវមានអ្នកចេញចូល ដោយសារតែផ្លូវពិបាក ហើយក៏មិនមានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នោះឡើយ៕