(ភ្នំពេញ)៖ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំង និងកើនឡើងយ៉ាងឆាប់រហ័ស។ ដោយគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ចំនួនអ្នកគាំទ្រ Facebook របស់សម្តេចតេជោ មានរហូតដល់ទៅ ១,៩ លាននាក់។ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា មានអ្នកចូលចុច Like គ្រប់វិនាទី ពោលរាល់ការ Refresh Page តែងឃើញមានចំនួនអ្នកចុច Like កើនឡើងជានិច្ច។
នៅកម្ពុជា Facebook បានក្លាយទៅជាមជ្ឈមណ្ឌលចែកចាយព័ត៌មានមួយដ៏ធំទាំងរឿងផ្ទាល់ខ្លួន រឿងសាធារណៈ រឿងអយុត្តិធម៌ សង្គម បូករួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ដែលកើតមានប្រចាំថ្ងៃនៅកម្ពុជា ភាគច្រើនត្រូវបានគេរំលេចឡើងលើទំព័រ Facebook។ តាមរយៈទំព័រ Facebook នេះ គេមើលឃើញថា ជួយបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រមុខដឹកនាំចង្កូតនាវាកម្ពុជា ជាមួយប្រជាពលរដ្ឋ ដោយអាចឆ្លើយឆ្លង និង អាចចែករំលែកភាពសប្បាយ ទុក្ខកង្វល់ ក៏ដូចជាផលលំបាកនានា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។ កង្វល់ទាំងអស់នេះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា តែងយកភាពសប្បាយរីករាយ និងទុក្ខលំបាកភ្ជាប់ជាមួយប្រជាពលរដ្ឋនេះ បានធ្វើការវះកាត់ភ្លាមៗ ដោយសម្រេចលុបចោលការយកសេវាលើផ្លូវវេងស្រេង លុបចោលការយកសេវាតាមផ្លូវជាតិលេខ៤ និងលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនផងដែរ។
សូមជំរាបថា មេដឹកនាំកំពូលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានបណ្តាញសង្គម Facebook ផ្តល់ចំណាត់ខ្ពស់បំផុត ដែលមានអ្នក Like ច្រើនជាងគេជាប្រចាំថ្ងៃ នេះបើយោងតាមបណ្តាញសង្គមវាស់ស្ទង់ Socialbakers ចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។ ការផ្តល់នេះផ្តោតតែលើមេដឹកនាំកម្ពុជា ៣រូបតែប៉ុណ្ណោះ ។
Socialbakers បានជ្រើសរើសយកមេដឹកនាំកម្ពុជា ៣រូប ដែលមានអ្នក Like ច្រើនជាងគេ (ប្រចាំថ្ងៃទី១៦)៖
១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានចំនួនអ្នក Like = 10760
២៖ លោក សម រង្ស៊ី មានចំនួនអ្នក Like = 3543
៣៖ លោក កឹម សុខា មានចំនួន Like = 693
សូមជំរាបថា Facebook របស់សម្តេចតេជោ ហ៊ុន សែន មានសន្ទុះនិងនិយមចូលចិត្តកាន់តែកើនឡើងខ្លាំង ចាប់តាំងពី សម្តេចតេជោ ហ៊ុន សែន បង្កើតឱកាសទំនាក់ទំនងជិតស្និទ្ឋ ដោយផ្ទាល់ពីប្រជាពលរដ្ឋទូទាំងប្រទេស និងបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាតិ ជាច្រើនដែលប្រជាពលរដ្ឋបានទទួលការអបអរសាទរកន្លងមកថ្មីៗនេះ រួមទាំងការសម្រេចអត់ឲ្យពលរដ្ឋបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំងចាប់ពី ១២៥cc ចុះក្រោម, ទម្លាក់តម្លៃបណ្ណបើកបររថយន្តចុះពាក់កណ្តាល, អនុញ្ញាត្តឲ្យម្ចាស់យានយន្តចង្កូតស្តាំ ទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត, អត់ឲ្យបង់ថ្លៃការផ្ទេរមរតកអចលនទ្រព្យ ពីជីដូន-ជីតា ទៅចៅ ពីប្តីទៅប្រពន្ឋ ពីឪពុកម្តាយទៅកូន និងបានយកមកវិញនូវផ្លួវវេងស្រេង និង ចុងក្រោយបានយកផ្លូវជាតិលេខ៤ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ គឺប្រជាពលរដ្ឋអស់ព្រួយបារម្ភពីការចំណាយប្រាក់កាស។
សកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឲ្យប្រជាពលរដ្ឋពិតជាសប្បាយអរបអរសាទរ ចំពោះសេចក្តីសម្រេចចិត្តដ៏ល្អត្រឹមត្រូវបំផុត របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំបំផុត។ នេះគឺជាប្រជាប្រិយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងទាំងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស។
គិតមកត្រឹមយប់ថ្ងៃសៅរ៍នេះ Facebook លោក សម រង្ស៊ី មានចំនួនជាង២លាននាក់, Facebook សម្តេចតេជោ ហ៊ុន សែន មានចំនួនជិត២លាននាក់ និងលោក កឹម សុខា មានចំនួនជាងកន្លះលាននាក់តែប៉ុណ្ណោះ៕