(ភ្នំពេញ)៖ ក្រុមមេធាវីកោះកេរ ជាបណ្ដុំនៃចំណេះដឹង វិជ្ជាជីវៈ សីលធម៌ និងលើកតម្កើង ក្នុងការចូលរួមចំណែកថែរក្សា អភិវឌ្ឍន៍វិស័យយុត្ដិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយកំណែទម្រង់ ស៊ីជម្រៅ ក្នុងប្រព័ន្ធយុតិ្ដធម៌ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបើកសម្ពោធនូវការិយាល័យនៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៦។
ក្រុមមេធាវីកោះកេរ នេះ បានបង្កើតឡើងដោយ មេធាវីឆ្នើម ៣រូប រួមមាន លោក មេធាវី ឡាច សំរោង ជាប្រធានការិយាល័យមេធាវី, លោក អិម វិបុល ជាប្រធានការិយាល័យ មេធាវី ច្បាប់មនុស្ស និងលោក ហៀង មករា ជាសមាជិកមេធាវី បានរួបរួមគ្នា ប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីបម្រើផលប្រយោជន៍ឲ្យវិស័យយុត្ដិធម៌នៅកម្ពុជា ក៏ដូចជាការផ្ដល់សេវាដ៏ត្រឹមត្រូវ ដល់អតិថិជន (កូនក្ដី)របស់ខ្លួន។
លោក ឡាច សំរោង បានថ្លែងឲ្យដឹងថា «មូលហេតុដែលខ្ញុំ ដាក់ឈ្មោះថា ក្រុមមេធាវីកោះកេរ ដោយសារតែ ប្រាសាទកោះកេរនេះ ជាប្រាសាទអច្ឆរិយៈមួយ ដែលមានទម្រង់រចនាសម្ព័ន្ធ ប្រាសាទព្រះវិហារ ដែលកសាងដោយព្រះបាទជ័យវរ្ម័នទី៤ ដែលពោរពេញទៅដោយភាពរឹងមាំ និងចំណេះដឹងខ្ពស់ ហើយយើងក៏សម្រេចចិត្ដដាក់នូវឈ្មោះហ្នឹង»។
លោកថ្លែងបន្ដថា ក្រុមមេធាវីកោះកេរ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្រាវជ្រាវជាបន្ដបន្ទាប់ឲ្យកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបម្រើនូវអតិថិជន(កូនក្ដី)របស់ខ្លួន ដោយភាពត្រឹមត្រូវ ស្មោះត្រង់ ប្រកបដោយវិជ្ជាជីវៈដែលនេះជាគោលការណ៍ធំរបស់ មេធាវី។
លោកបន្ថែមថា ដូច្នេះ លោក សូម អំពាវនាវដល់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចូលរួមគោរពច្បាប់ទាំងអស់គ្នាទៀត ព្រោះការគោរពច្បាប់នេះជាផ្នែកដ៏សំខាន់ ដែលធ្វើឲ្យប្រទេសជាតិមួយជឿលឿនរឹងមាំ។
ទន្ទឹមនឹងនោះផងដែរ លោក បណ្ឌិត ប៊ុន ហុន ប្រធានគណៈមេធាវីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ថ្ងៃនេះ មេធាវីទាំងបីរូប នេះ បានរួមដៃគ្នា រៀបចំនូវទម្រង់ប្រកបដោយវិជ្ជាជីវៈមួយ ពោរពេញទៅដោយភាពស្មោះត្រង់ សីលធម៌ ដែលហៅថា ការប្រកបវិជ្ជាជីវៈសមូហភាពដែលនេះជាសេរីភាពក្នុងការកំណត់ទម្រង់របស់គាត់ ប៉ុន្ដែ ទោះជាយ៉ាងណាត្រូវស្ថិតនៅក្រោមវិធានច្បាប់។
លោកបន្ដថា «មេធាវីត្រូវចងចំាថា ការប្រកបវិជ្ជាជីវៈរបស់ខ្លួនត្រូវគោរពនូវពាក្យសម្បថ ហើយពាក្យសម្បថនេះ ត្រូវគោរពទៅលើ រដ្ឋធម្មនុញ្ញ គោរពច្បាប់បទបញ្ញាតិ្ដទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា គោរព វិជ្ជាជីវៈ និងគោរព មនសិការ និងត្រូវផល់សេវាកម្ម ដោយសមធម៌ ភាពស្មោះត្រង់ រួម សិលធម៌វិជ្ជាជីវៈ»។
គួរបញ្ជាក់ថា ក្រុមមេធាវី កោះកេរ បានទទួលការអនុញ្ញាតច្បាប់ពីគណៈមេធាវីនៃកម្ពុជា ដែលមានលោក ប៊ុន ហុន ជាប្រធានតាមរយៈវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវិ លេខ ៣១២/គម.កវ/១៥ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។ ទីតាំងការិយាល័យក្រុមមេធាវីកោះកេរ ស្ថិតនៅ ផ្ទះលេខ ១៥៦ ផ្លូវលេខ ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ខាងលិចវិទ្យាល័យសន្ធរម៉ុក)៕