(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពានដែកបេឡេក្រាលឈើមួយកន្លែង ស្ថិតនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ស្ពានដែកបេឡេក្រាលឈើ ដែលកំពុងសាងសង់នេះ គឺកើតឡើងតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលលោកដឹកនាំវេទិការសាធារណៈ នៅឃុំស្តៅ ហើយស្ពានដែកបេឡេនេះ គឺជំនួសឱ្យស្ពានឈើចាស់ទ្រុឌទ្រោម ដែលបានឆេះដោយសារភ្លើងព្រៃកន្លងមក។
ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសាងសង់ស្ពានដែកបេឡេក្រាលឈើនេះ គឺមិនបានប្រើប្រាស់ថវិកាជាតិទេ គឺដែកស្ពានបានមកពីការប្រមូលដែកស្ពានចាស់ៗ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រោមការឧបត្ថម្ភរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះឈើក្រាលស្ពានបានមកពីការជួយឧបត្ថម្ភពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំណែកជើងស្ពាន គឺលោក ប្រាក់ សុវណ្ណ ជាអ្នកឧបត្ថម្ភ។
លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការអរគុណចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំសាងសង់ស្ពានដែកបេឡេក្រាលឈើថ្មីនេះ ប្រកបដោយស្តង់ដា និងគុណភាពខ្ពស់ លោកថារដូវវស្សាឆ្នាំនេះ ប្រជាពលរដ្ឋលេងមានការលំបាកចំពោះការធ្វើដំណើរឆ្លងអូរទៀតហើយ។
លោកក៏បានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបានឧបត្ថម្ភសម្ភារ ថវិកា ដល់លោក បេនដាវីស ផងដែរ។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ស្ពានដែកបេឡេក្រាលឈើនេះ មានទទឹង ៤.២ម៉ែត្រ និងបណ្តោយ ៤៨ម៉ែត្រ។ ស្ពាននេះឆ្លងពីភូមិសុច ទៅភូមិត្រពាំងធ្លក និងភូមិតាបោះ ឆ្ពោះទៅតំបន់អភិរក្សសត្វព្រៃភ្នំត្នោតភ្នំពក របស់លោក បេន ដេវីស ជនជាតិអាមេរិកកាំង ហើយស្ពាននេះអនុញ្ញាតឱ្យតែរថយន្តបើកបរកម្ពស់តែ ២.៥ម៉ែត្រប៉ុណ្ណោះ៕