(ភ្នំពេញ)៖ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្ដន៍ និងសហគ្រិនខ្មែរ បានបង្កើតកម្មវិធីពាន់រង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក តាន កុសល នាយកវិទ្យាស្ថាន សហគ្រិនភាព និងនវានុវត្ដន៍ បានបញ្ជាក់ថា ពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ នឹងបង្ហាញវត្ដមានជាផ្លូវការ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
នាយកវិទ្យាស្ថាន សហគ្រិនភាព និងនវានុវត្ដន៍ បានឲ្យដឹងទៀតថា មូលហេតុដែលបង្កើតកម្មវិធីនេះ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ អំពីកិច្ចខិតខំប្រឹងប្រែង របស់វិស័យឯកជន ការចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ល្អពីសហគ្រិនគ្រប់ៗគ្នា ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ។
លើសពីនោះទៀត ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់សហគ្រាសធុនតូច និងមធ្យម និងការចងក្រងឯកសារអំពីការអនុវត្តន៍ល្អៗ នៃដំណើរការបង្កើតអាជីវកម្ម របស់សហគ្រិនជោគជ័យ ក្នុងស្រុកឆ្ពោះទៅមុខបន្ដទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោក តាន កុសល។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានឲ្យដឹងថា តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម នៃរាជរដ្ឋាភិបាល មានសហគ្រាសខ្នាតតូច និងមធ្យម ជាង៧ម៉ឺន៦ពាន់ ដែលកំពុងដំណើរការអាជីវកម្ម និងចូលរួមចំណែកផ្តល់ការងារ ជាង៥៥ម៉ឺននាក់ ដល់ប្រជាជនកម្ពុជា។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បន្ដទៀតថា ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនៅការឆ្លងជំងឺកូវីដ១៩ ដែលជាហេតុធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសបង្អាក់ដល់ដំណើរការ រីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានថ្លែងថា សហគ្រាសខ្នាតតូច និងមធ្យម ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ក៏ជាមូលហេតុដែលធនាគារ ស្ថាបនា សម្រេចចិត្តឧបត្ថម្ភធំ ក្នុងកម្មវិធីពានរង្វាន់សហគ្រិនភាព ក្នុងគោលបំណងចម្បង ដើម្បីជួយជំរុញ និងលើកទឹកចិត្តដល់សហគ្រិន និងអនាគតសហគ្រិនទាំងអស់ ឲ្យផ្តួចផ្តើមគំនិតថ្មីៗ ដែលមានសក្តានុពលឆ្ពោះ ទៅរកនាវានុវត្តភាព និងមានប្រយោជន៍ជាកាតាលីករក្នុងការជួយពន្លឿនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាដោះស្រាយបញ្ហាចោទ ក្នុងសង្គមបច្ចុប្បន្នឲ្យកាន់តែប្រសើរ។
លោកបន្ដទៀតថា ធនាគារស្ថាបនា ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងគម្រោងសហហរិញ្ញប្បទាន សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ តាមរយៈការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ទាបត្រឹមតែ៧% ក្នុង១ឆ្នាំ ជាមួយនឹងទំហំកម្ចី រហូតដល់៣០០,០០០ដុល្លារអាមេរិក ដល់សហគ្រាសធុនតូច និងមធ្យម នៃវិស័យអាទិភាព ដែលបង្កើតនូវកាលានុវត្តភាព សម្រាប់ម្ចាស់សហគ្រាស ក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
គូសបញ្ជាក់ថា កម្មវិធីនេះ នឹងជ្រើសរើសបេក្ខជនឆ្នើមចំនួន០៣រូប ក្នុងនោះ សម្រាប់ជ័យលាភីថ្នាក់ជាតិលេខ១ នឹងទទួលបានទឹកប្រាក់សុទ្ធ ចំនួន១ម៉ឺនដុល្លារ, ក្លាយជាទីប្រឹក្សាវិទ្យាស្ថាន និងទទួលបានលិខិតបញ្ជាក់ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីនេះ នឹងចូលរួមចែករំលែកភាពជោគជ័យ បញ្ហាប្រឈម និងបទពិសោធផ្សេងៗ របស់សហគ្រិនទូទាំង២៥ រាជ ធានី-ខេត្ត ក្រោមប្រធានបទ «រួមគ្នា ដើម្បីសហគ្រិនកម្ពុជា» ក្នុងគោលបំណង៖
* ចូលរួមអបអរទិវាសហគ្រិនពិភពលោក លើកទឹកចិត្ត និងទទួលស្គាល់ អំពីកិច្ចខិតខំប្រឹង ប្រែងរបស់វិស័យឯកជន។
* ការចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ល្អៗ ពីសហគ្រិនគ្រប់ៗគ្នា និងការ គាំទ្រផ្សេងៗរួមមាន៖ ការលើកកម្ពស់ផលិតផលក្នុងស្រុក ទៅថ្នាក់ជាតិ បង្កើតយន្តការ សម្របសម្រួល និងចែករំលែកចំណេះដឹង រវាងសហគ្រិននៅថ្នាក់ជាតិ និងតាមតំបន់។
* ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លក្ខខណ្ឌចូលរួមប្រកួត បេក្ខជនត្រូវមានសញ្ញាតិខ្មែរ, ជាស្ថាបនិក ឬស្ថាបនិករបស់អាជីវកម្ម, អាជីវកម្មស្របច្បាប់ត្រឹមត្រូវ, សហគ្រាសធុនតូច ឬមធ្យមក្នុងស្រុក, អាជីវកម្មចូលរួមអភិវឌ្ឍន៍សង្គម និងលើកទឹកចិត្តអាជីវកម្ម ផលិតផលក្នុងស្រុក -ល-៕