(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងជំរុញឱ្យស្វែងរកអ្នកពាក់ព័ន្ធថែមទៀតចំពោះករណីនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ ហើយបើស្រាវជ្រាវរកឃើញពាក់ព័ន្ធ នរណាដែលមានភស្តុតាងច្បាស់លាស់ ត្រូវអនុវត្តច្បាប់ចំពោះជននោះទាំងអស់ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណសម្បត្តិធ្លាប់មានកុំយក មកទូទាត់ជាមួយគុណវិបត្តិ ដាច់ខាតត្រូវតែបង្ក្រាប»។
ការប្រកាសបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងក្រោយមានករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម កាំភ្លើង២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងពីររូបខាងលើ។
ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕