(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងតែឈានដល់ដំណាក់កាលមួយដ៏លំបាក ដោយគ្មានឈាមស្ដុកទុក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ខណៈអ្នកជំងឺក្នុងមួយថ្ងៃ ត្រូវការឈាមយ៉ាងតិចណាស់២៧០ប្លោក ដើម្បីសង្គ្រោះជីវិត។
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងបន្ដថា «គិតត្រឹម៥ខែដើមឆ្នាំ២០២០នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានឈាមចំនួន២៧,០០០ប្លោក ដែលបានមកពីក្រុមគ្រួសារអ្នកជំងឺស្ទើរតែទំាងអស់ សម្រាប់អ្នកស្ម័គ្រចិត្ដប្រមាណ២០០កំប្លោកតែប៉ុណ្ណោះ។ ដោយសារវិបត្ដិនៃជំងឺកូវីដ១៩នេះ ដោយយើងមិនការប្រារព្ធកម្មវិធីធំៗ ដើម្បីអំពាវនាវរកអ្នកស្ម័គ្រចិត្ដផ្ដល់ឈាមសង្គ្រោះជីវិតនោះទេ ហើយអ្នកស្ម័គ្រចិត្ដផ្ដល់ឈាម ក៏មានធ្លាក់ចុះច្រើន ប្រៀបធៀបទៅនឹងឆ្នាំមុនៗ»។
ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ក្នុងឱកាសគណៈគ្រប់គ្រង និងបុគ្គលិករបស់មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំលោកស្រី គួន ធីតា អគ្គនាយិកានៃមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ក្នុងការចូលរួមបរិច្ចាគឈាម ដែលជាអំណោយមួយដ៏ល្អបំផុត អាចសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ដែលត្រូវការឈាមជាចាំបាច់។
លើសពីនោះ លោកក៏បានអំពាវនាវដល់យុវជនស្ម័គ្រចិត្ដ ដែលធ្លាប់តែផ្ដល់ឈាមជូនមជ្ឈមណ្ឌល «សូមអញ្ជើញបន្ដមកផ្ដល់ឈាម ក្រុមការងាររបស់យើងនៅតែបន្ដរង់ចាំ ការអញ្ជើញមកបរិច្ចាគជានិច្ច និងសំណូមពរដល់សាធារណៈជនចូលរួមឱ្យបានច្រើន ដើម្បីសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់ ជាពិសេសដល់អ្នកជំងឺដែលគ្មានបងប្អូន និងត្រូវការឈាមជារៀងរាងខែ ដើម្បីសង្គ្រោះជីវិត»។
លោកស្រី គួន ធីតា បានថ្លែងថា «ការផ្តល់ឈាមស្មើនឹងការជួយសង្គ្រោះជីវិតមនុស្ស យើងតែងតែចូលរួមយ៉ាងសកម្មភាព ព្រោះនេះជាការផ្តល់តម្លៃតបស្នង ដល់សង្គមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដូចនេះហើយទើបយើងបង្កើត ឲ្យមានកម្មវិធីផ្តល់ឈាមនៅថ្ងៃនេះ»។
ការបរិច្ចាគឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺ និងសង្គមជាតិប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ សម្រាប់លោកអ្នកដែលចូលរួមបរិច្ចាគផងដែរ។ ការផ្តល់ឈាមធ្វើឲ្យសរីរាង្គ ក្នុងខ្លួនមនុស្សបង្កើនការបង្កើតគោលិកាក្រហមឡើងវិញ ជាស្វ័យប្រវត្តិ។
ជាងនេះទៅទៀត ការផ្តល់ឈាមអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ដោយសាររាល់ការផ្តល់ឈាម បានបន្ថយសារធាតុដែកមួយចំនួនពីក្នុងឈាម។ លើសពីនេះទៅទៀត ការផ្តល់ឈាមជាទៀងទាត់ ជារៀងរាល់៣ខែ ទៅ៤ខែម្តង នឹងជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដោយការផ្តល់ឈាមបានដុតបំផ្លាញចោល នូវថាមពលមួយចំនួន ក្នុងពេលផ្តល់ឈាមម្តងៗនិងកាត់បន្ថយការកើតជម្ងឺមហារីកផងដែរ។
លោកស្រីថ្លែងបន្ដថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលផុសចេញពីសេចក្តីស្រលាញ់ ចេញពីបេះដូងពិតៗ និងសបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់បំផុត ចំពោះប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពមនុស្សធម៌នេះ ជាការចូលរួមចំណែកជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់ នៃការផ្គត់ផ្គង់ឈាមនាពេលបច្ចុប្បន្ននេះ។
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ស្តង់ដារសឹង្ហបុរី ដែលជាមន្ទីរពហុព្យាបាល និងសម្ភពដែលទទួលបានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកជំងឺ ដែលបានមកទទួលសេវាកម្មកន្លងមក។ មានការផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា ជំងឺទូទៅ, បេះដូង, កុមារ, តម្រងនោម, ក្រពះពោះវៀន សេវាសង្គ្រោះក្នុងស្រុក សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស២៤ម៉ោង សេវាថែទាំអ្នកជំងឺតាមផ្ទះ សេវាបញ្ជូនអ្នកជម្ងឺទៅក្រៅប្រទេស ជាពិសេសឯកទេសជំងឺលំបាកមានកូន និងសម្ភពរោគស្រ្តីដែលកន្លងមកទទួលបានជោគជ័យខ្ពស់ ជូនដល់អតិថិជន៕