(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសរសើរដល់ភាពស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខ្មែរ ព្រមទាំង អំពាវនាវឲ្យមានការចូលរួមថែរក្សាឆ្នេរទាំងអស់គ្នា ក្នុងនោះសម្តេចបានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវទប់ស្កាត់ មិនត្រូវឲ្យមានសំណង់ខុសច្បាប់លើតំបន់ឆ្នេរទេសចរណ៍របស់ខ្មែរនោះឡើយ។
នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «កាលពីពេលថ្មីៗ កន្លងទៅនេះ ខ្ញុំមានឱកាសបានចុះទៅសម្រាកលំហែរកាយនៅក្រុងព្រះសីហនុ ដោយបានជួបជាមួយបងប្អូនជនរួមជាតិយើង អាជីវករ និង ទេសចរអន្តរជាតិដែលមកកម្សាន្តនៅទីនោះ។ ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនមានមុខរបរលក់ដូរបម្រើ សេវាកម្មទេសចរណ៍យ៉ាងមមារញឹកទាំងពេលថ្ងៃ និងពេលរាត្រី។ សមុទ្រយើងស្រស់ស្អាត ដែលត្រូវនាំគ្នាថែរក្សាបរិស្ថានអនាម័យ ឲ្យបានល្អគ្រប់ពេល។ អាជ្ញាធរមានសមត្ថកិច្ចគឺមិនត្រូវ ឲ្យមានសំណង់អ្វីខុសច្បាប់លើតំបន់ទេសចរណ៍ដាច់ខាត»។
ភ្ជាប់ជាមួយរូបភាពកម្សាន្តនៅមាត់សមុទ្រក្នុងខេត្តព្រះសីហនុ ដែលសម្តេចតេជោ និង ក្រុមគ្រួសារ បានទៅកាលពីមុនដាច់ ឆ្នាំ២០១៥ជាច្រើនសន្លឹក សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអាជ្ញាធរខេត្ត និងមន្រ្តីមានសមត្ថកិច្ចជួយសម្រួលរៀបចំ អ្នកលក់ដូរឲ្យបានសមរម្យល្អ និងជួយពិនិត្យគុណភាពអនាម័យលើចំណីម្ហូបអហារ ដែលកំពុងដាក់លក់ ឬ រែកលក់ផងដែរ ត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ចៀសវាងការយល់ច្រឡំពីទេសចរជាតិ និង អន្តរជាតិដែលធ្វើឲ្យខាតប្រយោជន៍។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើអាជ្ញាធរ និងសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាជីវករ និង ទេសចរជាតិ និងអន្តរជាតិ ឲ្យបានល្អនៅគ្រប់ទីកន្លែងរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស៕