(ភ្នំពេញ)៖ លោក ហេង ច័ន្ទសុទ្ធី អតីតប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញចាប់ខ្លួន (លើកទី២) វេលាម៉ោង៧៖០០ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ។

ការចាប់ខ្លួនលោក ហេង ច័ន្ទសុទ្ធី បានធ្វើឡើងបន្ទាប់ពីលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា តាមរបាយការណ៍ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានបញ្ជាក់ថាឈ្មោះ ហេង ច័ន្ទសុទ្ធី មិនដែលបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងក្រសាំង តាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញឡើយ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយការចាប់ខ្លួនជនត្រូវចោទរូបនេះត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

សូមបញ្ជាក់ថា ឈ្មោះ ហេង ច័ន្ទសុទ្ធី ហៅ ធី ភេទប្រុស កើតថ្ងៃទី០៣ ខែ០៤ ឆ្នាំ១៩៦២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកគួកជេរដី មានទីកន្លែងកំណើតនៅសង្កាត់លេខ៣ រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងអណ្ដូង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ ហៃ ហេង (ស) ម្ដាយឈ្មោះ អាំង ជា (ស) ប្រព័ន្ធឈ្មោះ ឡុង ណារិន មានកូនចំនួន ០៥ នាក់ ជានីតិជន ត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕