(ក្រចេះ)៖ តាំងពីថ្ងៃម្សិលមិញ និងមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយមេបញ្ជាការ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ សាន ប៊ុនថាន បានចុះទៅបង្ក្រាប និងរឹបអូសឈើ ដែលមានមុខកាត់ធំៗ ជាច្រើនដុំ ដែលក្រុមឈ្មួញ គរទុកចោលនៅក្នុងព្រៃ នៃភូមិសាស្រ្តចំណុចអូរគរគី ឃុំរលួស ស្រុកសំបូរ ដែលមានចំងាយជិត១០០គីឡូម៉ែត្រពីទីរួមខេត្ត។
កម្លាំងអាវុធហត្ថខេត្ត ក្រចេះ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការឡោមព័ទ្ធ តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ដែលឈើទាំងនេះត្រូវបាន មន្រ្តីអាវុធហត្ថបញ្ជាក់ថា ក្រុមឈ្មួញបម្រុកដឹកយកទៅ លក់នៅប្រទេស វៀតណាម តាមរថយន្តយីឌុបជាច្រើនគ្រឿង។
មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តម សេនីយ៍ សាន ប៊ុនថាន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ លោកបានដឹកនាំកម្លាំងរបស់លោក ជាច្រើននាក់ ក្រោមការសម្របសម្រួលតាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញាខេត្ត ចុះទៅធ្វើការឡោមព័ទ្ធ និងរឹបអូសយកឈើទាំងនេះមករក្សាទុក ឲ្យទៅមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ឈើទាំងនេះ ត្រូវបានក្រុមឈ្មួញ គរទុកចោលនៅក្នុងព្រៃ ដើម្បីនាំចេញទៅលក់ នៅប្រទេសវៀតណាម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបង្កើត គណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូនឈើ នៅទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធាន អមដោយសមាជិក ចំនួន៨នាក់ ក្នុងនោះ មានអគ្គនាយករដ្ឋបាលព្រៃឈើ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងអភិបាលខេត្តទាំង៦ ជាប់ព្រំដែនជាមួយវៀតណាម រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕