(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីក្មេងទំនើងមួយក្រុម ប្រដាប់ដោយដំបងពេញដៃ ធ្វើការដេញវាយប្រហារ ស្ថិតនៅក្រោយ ចំណុចស្ថានីយ៍បូមទឹកបឹងទំពុន ក្នុងភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។
មុនដំបូងគេស្មានថា ជនរងគ្រោះគឺជាចោរលួច ចោរប្លន់ ទើបត្រូវបានប្រជាពលរដ្ឋ ទៅឡោមព័ទ្ធបណ្តាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ។ ប៉ុន្តែក្រោយការសួរនាំទើបដឹងថា ជនរងគ្រោះត្រូវគេវាយ ពីព្រោះតែទៅញ៉ែប៉ះស្រីរបស់គេ។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៌ ដេញវាយគ្នា ដូចរឿងហុងកុងនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា នៅវេលា ម៉ោងខាងលើ គេបានឮសម្លេងស្រែកថាចោរៗ លុះដល់ពួកគាត់ចេញមកមើល ស្រាប់តែ ឃើញបុរសរងគ្រោះ មានឈាមហូរជោគខ្លួនបាត់ទៅហើយ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ករណីដេញវាយគ្នាផ្អើលគេ ទាំងកណ្តាលយប់នេះ បណ្តាលមកពី ជនរងគ្រោះ ទៅញ៉ែ ប៉ះស្រីរបស់ក្រុមជនបង្ក។ ក្រោយពីកើតហេតុ ជនរគ្រោះត្រូវ បានក្រុមគ្រួសារ និងសាច់ញាតដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ខណៈក្រុមបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕