(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានប្រដូចប្រទេសកម្ពុជា ទៅនឹងកោះមួយសម្បូរទៅដោយ ភោគទ្រព្យ ទាមទារឲ្យប្រជាជនកម្ពុជា ដែលជាកោសិកាសង្គមគ្រប់រូប ត្រូវខិតខំរួមគ្នាជីកកោះរំលើងវាឡើង ដើម្បីបម្រើជាប្រយោជន៍ សម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលរូបលោកត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញក្នុងសិក្ខាសា លាស្តីពីភាពជាអ្នកដឹកនាំ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាព្រឹកថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៦។ សិក្ខាសាលានេះ បានរៀបចំដោយក្រុមបញ្ញវន្តមកពីសាកលវិទ្យាល័យ Harvard University, MIT Sloan, and Tufts Fletcher School of Law and Diplomacy ដែលមានអ្នកចូលរួមសរុប ២៧១នាក់ មកពីសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំជាន់ខ្ពស់ អង្គការសង្គមស៊ីវិល និង ស្ថាប័នវិជ្ជាជីវ:នានា។
ក្នុងឱកាសឡើងធ្វើបទបង្ហាញនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីប្រវត្តិ និងបទពិសោធន៍វិជ្ជាជីវៈរបស់លោក ទាក់ទង ភាពជាអ្នកដឹកនាំ ហើយលោក បានលើកឡើងមកបញ្ជាក់ អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីធ្វើឲ្យប្រសើរឡើងដល់កិច្ចសម្រួលពាណិជ្ជកម្ម និង ការវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្រ្តី ដែលបានប្រើជីវិតលើវិថីជំនួញអស់ជាច្រើនឆ្នាំ មុនចូលបម្រើការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ពីតួនាទី ដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងសង្គមនីមួយៗ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ក្នុងការកសាងជីវភាពផ្ទាល់ខ្លួន និង ចូលរួមចំណែករុញច្រានឲ្យប្រទេសជាតិរបស់ខ្លួនបានរីកចម្រើន។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «យើងមិនអាចរស់នៅលើកោះ ដែលសម្បូរទៅដោយទ្រព្យសម្បត្តិ ហើយហ៊ុំព័ទ្ធដោយ សមុទ្រ នៃភាព ក្រីក្រនោះទេ។ វាគឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះដែលពោរពេញដោយ ទ្រព្យសម្បត្តិឲ្យកាន់តែធំទៅៗ និងធ្វើឲ្យសមុទ្រ នៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និង មនុស្សជាតិរបស់យើង»។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងជំរុញឲ្យយុវជន ដែលជាសសរទ្រូងរបស់សង្គមជាតិ ត្រូវតែប្រឹងដុសខាត់បញ្ញាស្មារតី និងបង្កើនចំណេះដឹងឲ្យបានកាន់តែខ្លាំងក្លា ដើម្បីជួយអភិវឌ្ឍសង្គមកម្ពុជា ឲ្យបានកាន់តែរីកចម្រើន។
ជាមួយការដាស់តឿននេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងជាសំណង់ប្រយោគមួយថ្លែងទៅកាន់អ្នកចូលរួមថា «កុំសួរថា តើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីអ្នក ត្រូវសួរថាតើអ្នកអាចធ្វើអ្វីខ្លះដើម្បីកម្ពុជា»។ សំណង់ប្រយោគនេះ ត្រូវបានលោក ស៊ុន ចាន់ថុល កែ មកពីសំណង់ប្រយោគរបស់លោកប្រធានាធិបតីអាមេរិក លោក John F. Kennedy ដែលតែងបានថ្លែងទៅកាន់ប្រជាពលរដ្ឋ អាមេរិកថា «កុំសួរថា តើប្រទេសរបស់អ្នកអាចធ្វើអ្វីខ្លះដើម្បីអ្នក ត្រូវសួរវិញថា តើអ្នកអាចធ្វើអ្វីខ្លះដើម្បីប្រទេសរបស់អ្នក»។
លោកទេសរដ្ឋមន្រ្តី ក៏បានចែករំលែកទស្សនៈវិជ្ជាសំខាន់ៗ មួយចំនួន ទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលលោកបានអនុវត្តក្នុងការ បំពេញការងារវិជ្ជាជីវៈ។
លោករដ្ឋមន្រ្តី ដែលទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកវិទ្យាល័យរដ្ឋ Pennsylvania និងបញ្ចប់ថ្នាក់អនុ បណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាម៉េរិករូបនេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកំណត់ គោលដៅ ដើម្បីឆ្ពោះទៅរកជោគជ័យ។ លោក បានបញ្ជាក់ថា «ប្រសិនបើអ្នកមិនដឹងថា ទីណាដែលអ្នកត្រូវទៅទេ ផ្លូវណា ក៏ដោយ ក៏នាំអ្នកទៅកាន់ទីនោះដែរ ពោល គឺយើងទៅដោយគ្មានគោលដៅណាមួយពិតប្រាកដ។ ដើម្បីជោគជ័យក្នុងភាពជាអ្នកដឹកនាំ របស់យើង យើងត្រូវមានគោលដៅជាក់លាក់ និង ការពិនិត្យតាមដានជាប់ជានិច្ច ព្រមទាំងត្រូវធ្វើខ្លួនជាគំរូរបស់អ្នកដទៃ»។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល បានទទួលតំណែងជារដ្ឋមន្រ្តី នៃក្រសួងពាណិជ្ជកម្មនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នេះ ហើយបានចូលដឹកនាំក្រសួងពាណិជ្ជកម្មកាលពីចុងឆ្នាំ២០១៤។ លោក ស៊ុន ចាន់ថុល ត្រូវបានគេមើលឃើញថា ជារដ្ឋ មន្រ្តីមួយរូប មានភាពលេចធ្លោក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ របស់សម្តេចតេជោ ហ៊ុន សែន ដែលជារាជរដ្ឋាភិបាល បានដាក់ចេញនូវកំណែទម្រង់ ដ៏ស៊ីជម្រៅ។
ក្រោយចូលកាន់តំណែងក្នុងក្រសួងពាណិជ្ជកម្ម ដែលធ្លាប់ទទួលបានការរិះគន់ខ្លាំងក្នុងអតីតកាល លោក ស៊ុន ចាន់ថុល បានចាប់ផ្តើម ធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល និង ការដឹកនាំនៅក្នុងក្រសួងពាណិជ្ជកម្មទាំងមូល ព្រមទាំងបានបង្កើតអគ្គនាយកដ្ឋានមួយចំនួន បន្ថែមទៀត ដើម្បីឆ្លើយតបការងារពាណិជ្ជកម្មឲ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាព។
លោក ស៊ុន ចាន់ថុល ក៏បានសាងសង់ក្លោងទ្វារចូលក្រសួង ដែលមិនធ្លាប់មានពីមុនមក ហើយក៏កំពុងសាងសង់អគារបម្រើការ ងារមួយខ្នងបន្ថែមទៀតផងដែរ។ លោករដ្ឋមន្រ្តី ក៏បានបង្កើតប្រព័ន្ធស្វ័យប្រវត្តកម្ម (ដំណើរការតាមអនឡាញ) សម្រាប់បញ្ជាក់ ប្រភពដើមទំនិញ (CO) និង ការចុះបញ្ជីពាណិជ្ជកម្ម ដើម្បីសម្រួលដល់ពាណិជ្ជករ និង អ្នកវិនិយោគ៕