(ភ្នំពេញ)៖ ទារកម្នាក់មានអាយុ១ខួប បានស្លាប់យ៉ាងណោចអាធ័ម ខណៈកំពុងដេកជាមួយបងប្អូនប្រុសស្រីបី និងម្ដាយមីងភ្លេចមើលធ្លាក់ពីលើគ្រែចូលប្រឡាយទឹកស្អុយកបណ្ដាលឱ្យលង់ស្លាប់ កាលពីវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រុម៣១ សំណង់មិនរៀបរយក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពក្មេងប្រុសមានឈ្មោះ រិន ធារិទ្ធ អាយុ១ឆ្នាំ រស់នៅម្ដាយមីងទីតាំងកើតហេតុខាងលើ មានឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ ៤១ឆ្នាំ មុខរបររើសអេតចាយ។

តាមស្រ្តីម្ដាយមីងឈ្មោះ ព្រំ ស្រីតូច អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានក្រោកដេកប្រហែលជាម៉ោង២ ជាងដើររើសអេតចាយទុកឱ្យកូនដេកជាមួយបងប្អូន ៣នាក់ទៀតក្រោយពីត្រលប់មកពីរើសអេតចាយវិញក៏បាត់កូនប្រុសពៅម្នាក់ក៏ដើររកប្រទះឃើញកូនធ្លាក់តាមចន្លោះជញ្ជាំងចូលប្រឡាយទឹកស្អុយផ្គាប់មុខស្លាប់បាត់បង់អាយុជីវិតទៅហើយបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនឹងប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ។

នគរបាលខណ្ឌបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះមិនប្ដឹងផ្ដល់លើបុគ្គលណាទេតែនគរបាលចង់ឱ្យច្បាស់លាស់ទំនាក់ទំនងនគរបាលការិយាល័យកោសល្យវិច័្ឆយស្នងការរាជធានីភ្នំពេញ ចុះមកកន្លែងកើតហេតុ ដើម្បីពិនិត្យសពរួចបានបញ្ជាក់ថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នគរបាលបានត្រឹមតែរំលែកទុក្ខ និងណែនាំឱ្យមានការប្រុងប្រយ័ត្នចៀសវាងមានយថាហេតុលើក្រោយទៀត៕