(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និងលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកអំណោយជារថយន្តសង្គ្រោះទី៣៩ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧកញ៉ាផ្ទាល់ប្រគល់ 

នាយកដ្ឋានអង្គរក្ស។

ក្នុងឱកាសនោះ លោក ជុំ សាវុឌ្ឍ បានថ្លែងការអរគុណចំពោះឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី ដែលបានរួមចំណែកជួយដល់នាយកដ្ឋាន ខណៈដែលនាយកដ្ឋានមានតែផ្នែកសុខាភិបាល តែខ្វះសម្ភារ។

លោក ជុំ សាវុឌ្ឍ បានបន្តថា នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ នឹងយករថយន្តសង្គ្រោះនេះ មិនប្រើសម្រាប់តែកងកម្លាំងនោះទេ គឺនឹងជួយបម្រើដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាសុខភាពពេលចាំបាច់ផងដែរ។

លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការជួយរថយន្តសង្គ្រោះនេះ ដល់ស្ថាប័ននានា គឺមិនប្រកាន់និន្នាការ នយោបាយហើយ ការប្រើប្រាស់រថយន្តនេះជាការបម្រើសេវាទូទៅទាំងកងកម្លាំង និងពលរដ្ឋ។

លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានក្រើនរំលឹកដល់នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃទាំងអស់ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះឲ្យបង្កើនការយកចិត្តទុក ដាក់លើកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ និងកងម្លាំង ហើយត្រូវជួយថែរក្សារថយន្តសង្គ្រោះនេះឲ្យបានល្អ សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា កាត់បន្ថយការខកខានទៅកាន់កន្លែងព្យាបាល។

គូសបញ្ជាក់ថា ក្នុងពិធីប្រគល់រថយន្តសង្គ្រោះទី៣៩ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកឧកញ៉ា សុខ វណ្ណា និងលោក រ៉ាត់ ដារារ័ត្ន បានជូនថវិការចំនួន ៥ លានរៀលដល់នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ៕