(ត្បូងឃ្មុំ)៖ ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត និងមេបញ្ជាការអាវុធហត្ថ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ត្រូវដេកចាំ នៅក្នុងរថយន្តរហូតទល់ភ្លឺ ខណៈមន្រ្តី និងកងកម្លាំងអាវុធហត្ថ ត្រូវបន្ត យាមកាមដោយសារតែ ក្រុមសន្តិសុខយាមឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា រារាំងមិនឲ្យចូលទៅឆែកឆេរនោះឡើយ ដែលទីតាំងឃ្លាំងស្តុកឈើនេះ ស្ថិតនៅចំណុចបបោះ ឃុំដារ ស្រុកមេមត់។
លោក ហៀង សុភក្រ្ត បានប្រាប់អង្គភាព Fresh News នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះថា «ខ្ញុំ និងលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ត្រូវសន្តិសុខយាមឃ្លាំងឈើ របស់ឧកញ៉ា ខ្នា បិទទ្វារ មិនចូលធ្វើការឆែកឆេរនោះទេ ដូច្នេះហើយពួកខ្ញុំត្រូវដេកនៅក្នុងឡាន រហូតដល់ព្រឹក ទើបសុំបទបញ្ជាចុះបង្ក្រាប»។
បើតាមលោក ហៀង សុភក្រ្ត នៅពេលខាងសន្តិសុខ យាមឃ្លាំងរារាំងមិនឲ្យចូល ក្រុមរបស់លោកសុំគោលការណ៍ភ្លាមៗ ពីលោកឧត្តម សេនីយ៍ វង្ស ពិសេន មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស ពេលនោះ លោកឧត្តមសេនីយ៍ បានបញ្ជាឲ្យឡោមព័ទ្ធរហូតព្រឹក មិនដែលឈើឯណា ចេះហោះនោះឡើយ ។
ព្រះរាជអាជ្ញារូបនេះ ក៏បានបញ្ជាក់ផងដែរ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងចុះឆែកឆេរឃ្លាំងស្តុកឈើ របស់ឧកញ៉ា អុល ដែរប៉ុន្តែក្រោយការត្រួតពិនិត្យ រកឃើញថា ឈើទាំងនោះសុទ្ធតែមានច្បាប់ត្រឹមត្រូវ (មានPC)ដូច្នេះមិនមានការរឹបអូសនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបង្កើត គណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូនឈើ នៅទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធាន អមដោយសមាជិក ចំនួន៨នាក់ ក្នុងនោះ មានអគ្គនាយករដ្ឋបាលព្រៃឈើ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងអភិបាលខេត្តទាំង៦ ជាប់ព្រំដែនជាមួយវៀតណាម រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
តាមសេចក្តីរាយការណ៍ ពីមន្រ្តីនគរបាលជាន់ខ្ពស់មួយរូប បានលួចបង្ហើបថា ឧកញ៉ា ខ្នា បានរត់គេចខ្លួនទៅកាន់ប្រទេសវៀតណាមបាត់ហើយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នះ៕
ព្រះរាជអាជ្ញានិងមេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ ដេកនៅក្នុងរថយន្ត រង់ចាំចុះបង្ក្រាបនៅពេលព្រឹកឡើង