(ភ្នំពេញ)៖ លោក អ៊ូ ចន្ថា វ័យ ៧៣ឆ្នាំ បម្រើការងារជាអ្នកសារព័ត៌មាននៅកោះសន្តិភាព បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងខាងស្តាំកាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ពេលត្រឡប់មកពីយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅឯខេត្តព្រះសីហនុ។

នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២យប់ ពេលត្រឡប់ពីខេត្តព្រះសីហនុ មកដល់រាជធានីភ្នំពេញ លោក អ៊ូ ចន្ថា បានជិះម៉ូតូត្រឡប់ទៅផ្ទះនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ គាប់ជួនក្នុងរាត្រីនោះ ពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះនោះ មានភ្លៀង និងខ្យល់ធ្លាក់យ៉ាងខ្លាំង។ កម្លាំងខ្យល់ និងភ្លៀងនោះ បានបោកលោក អ៊ូ ចន្ថា ឱ្យដួលលើស្ពានអាកាស៧មករា ហើយសង្កត់បាក់ជើងខាងស្តាំ ក្រោយដំណក់ភ្លៀងយ៉ាងជោកជាំ និងខ្យល់យ៉ាងខ្លាំង។

ក្រោយពេលដួលម៉ូតូហើយនោះ ស្មារតីរបស់លោក អ៊ូ ចន្ថា នៅមានធម្មតា ទើបលោកទូរស័ព្ទទៅក្រុមគ្រួសារ ហើយមកដឹកតាមម៉ូតូកង់បីទៅកាន់មន្ទីរពេទ្យ។

លោក អ៊ូ ចន្ថា បានបម្រើការងារជាអ្នកសារព័ត៌មាននៅឆ្នាំ១៩៩១ ដោយធ្វើការជាមួយអ៊ុនតាក់, ឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០០ លោកបានចូលបម្រើការងារនៅវិទ្យុអេហ្វអឹម៩៩ ហើយចាប់ពីឆ្នាំ២០០០-២០០២ បម្រើការងារនៅកាសែតដំណឹងពេលល្ងាច។

បំពេញការងារនៅកាសែតដំណឹងពេលល្ងាចបានពីរឆ្នាំ នៅឆ្នាំ២០០២ លោក ចន្ថា ក៏បានផ្លាស់មកបម្រើការងារនៅកាសែតកោះសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងរយៈពេលបំពេញការងារប្រមាណជា១៨ឆ្នាំ នៅកោះសន្តិភាព លោក ចន្ថា ត្រូវបានអង្គភាពប្រគល់តួនាទីឱ្យចុះយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងអាជីពជាអ្នកព័ត៌មានរយៈពេលជិត៣០ឆ្នាំនេះ លោក អ៊ូ ចន្ថា នៅតែស្ថិតក្នុងស្ថានភាពជីវភាពមួយមិនល្អប្រសើរប៉ុន្មាននោះឡើយ។ បច្ចុប្បន្នប្រភពចំណូលក្នុងអាជីពជាអ្នកព័ត៌មានរបស់លោកមិនមានស្ថេរភាពទៀតនោះឡើយ ដ្បិតអង្គភាពរបស់លោកមិនផ្តល់ប្រាក់ឈ្នួលប្រចាំខែដូចមុនទៀតនោះទេ ដោយប្តូរមកផ្តល់កម្រៃជាអត្ថបទជំនួសវិញ។

លោក អ៊ូ ចន្ថា បានបញ្ជាក់ដូច្នេះ «ការប្តូរមកផ្តល់កម្រៃជាចំនួនអត្ថបទនេះ ខែខ្លះខ្ញុំទទួលបានប្រាក់ឈ្នួលត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ»។

ដោយមើលឃើញពីការខ្វះខាត និងស្ថានភាពលំបាករបស់លោក អ៊ូ ចន្ថា អ្នកព័ត៌មានតាមយកព័ត៌មានរបស់សម្តេចតេជោ និងអ្នកព័ត៌មានមកពីតាមស្ថាប័ននានា បានរួមគ្នារ៉ៃអង្គាសថវិកាជួយដោះស្រាយការព្យាបាលរបួសរបស់លោក។

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឧប្ថម្ភថវិកា ៨០ម៉ឺនរៀល, សហភាពសហព័ន្ធអ្នកសារព័ត៌មាន ឧបត្ថម្ភ ៨០ម៉ឺនរៀល, លោក វ៉ាន់ សារាយ ២៥ដុល្លារ, លោក សំ វណ្ណា SEATV ១០ម៉ឺនរៀល, លោក សួន កុសល ១៥ដុល្លារ, លោក ហួត ៥ម៉ឺនរៀល, លោក សោម ច័ន្ទថា ២០ដុល្លារ, លោក ហេង ឡាយ ១០ដុល្លារ, លោក ផល សុភព ១៥ដុល្លារ, លោក សួង ពិសិដ្ឋ ៥ម៉ឺនរៀល, លោក អនឃួន សំអូន ១០ម៉ឺនរៀល, លោក អ៊ុក ប៊ុនរ៉ា ៥ម៉ឺនរៀល, លោក បាន ច័ន្ទតារារិទ្ធ ៥ម៉ឺនរៀល, លោក និត ៥ម៉ឺនរៀល, លោក ប្រាក់ សុវណ្ណតារា ៥ម៉ឺនរៀល, លោក សំ សីហា ១៥ដុល្លារ, លោក វីរៈ មុនី្ន ៤០ម៉ឺនរៀល, លោក ម៉ក់ រ៉េនីតា ៥ម៉ឺនរៀល, លោក មុត សុទ្ធ ៥ម៉ឺនរៀល, លោក ស៊ុ វឌ្ឍនៈ ៥ម៉ឺនរៀល, លោក សំអាត ២០ដុល្លារ, លោក តូច ចាំ ៤ម៉ឺនរៀល, លោក ឡុង ណារិទ្ធ ៤ម៉ឺនរៀល, លោក យ៉ា រ៉េត ៥ម៉ឺនរៀល, លោក ចាន់ សាវី ៥មឺុនរៀល, លោក ហ៊ុន ឌីណូ ៥ម៉ឺនរៀល, លោក ងិន សុភា ២០ម៉ឺនរៀល, លោក អ៊ុច សាខន ៥ម៉ឺនរៀល, លោក សន ពិសិដ្ឋ ១៥ដុល្លារ, លោក ចេង ធួក ២៥ដុល្លារ, លោក ហ៊ន សុភ័ក្រ ២០ដុល្លារ, លោក លឹម មុនី ១៥ដុល្លារ, លោក អេង សុគុណ ២០ដុល្លារ, លោក សឹង្ហ វិបុល ៤ម៉ឺនរៀល, លោក សំ វណ្ណី ៤ម៉ឺនរៀល, លោក កុក គី ១០ម៉ឺនរៀល, លោក សៅ ធី ៨ម៉ឺនរៀល, លោក ស៊ូ វណ្ណលុក ៥ម៉ឺនរៀល, លោក ប៉ក់ ណារ៉ូន ២០ដុល្លារ, លោក ហ៊ុន យុទ្ធគុណ ៥ម៉ឺនរៀល, លោក ប៊ុន ថៃ ៦ម៉ឺនរៀល, លោក សំ រតនៈ ៥មុឺនរៀល, លោក ចិន្តា ៥ម៉ឺនរៀល, លោក ព្រហ្ម វិចិត្រសុភា ១០ម៉ឺនរៀល, លោក មាស រ័ត្នមុនី ១៥ដុល្លារ, លោក ម៉េង អាន ៥ម៉ឺនរៀល, លោក សៅ យ៉នឧត្តម ១៥ដុល្លារ, លោក ឈាវ ថុកវីរ: ៥ម៉ឺនរៀល។

ក្រៅពីអ្នកព័ត៌មានដែលបានរៀបរាប់ខាងលើនេះ ក៏នៅមានអ្នកព័ត៌មាននៅអង្គភាពព័ត៌មានផ្សេងៗទៀត បានរួមគ្នាជួយដោះស្រាយការលំបាកលំបាករបស់លោក អ៊ូ ចន្ថា ផងដែរ។

ក្រៅអ្នករួមអាជីពហើយនោះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សា ជំនួយការសម្តេចតេជោ ហ៊ុន សែន ក៏បានបរិច្ចាគថវិកាជួយការលំបាករបស់លោក អ៊ូ ចន្ថា ផងដែរ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែមានសមានចិត្តជួយរាល់ការលំបាករបស់អ្នកព័ត៌មាននោះ ឧបត្ថម្ភថវិកា ២៥០ដុល្លារ។ 

លោក មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឧបត្ថម្ភ ១លានរៀល។

ការចូលបរិច្ចាគថវិកានេះ ជាការរួមចំណែកដ៏មានតម្លៃសម្រាប់ដោះស្រាយការលំបាករបស់លោក អ៊ូ ចន្ថា។ តាមរយៈអង្គភាពព័ត៌មាន Fresh News លោក អ៊ូ ចន្ថា បានថ្លែងអរគុណទាំងអួលដើមករចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់លោក អ៊ាង សុផល្លែត, លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា, លោក លឹម ជាវុត្ថា ព្រមទាំងអ្នកសារព័ត៌មានទាំងអស់។

លោកថា ទឹកចិត្តប្រកបដោយក្តីសណ្តោសនេះមានតម្លៃមិនអាចកាត់ថ្លៃ ហើយក៏ជាការចងចាំមួយគ្មានថ្ងៃបំភ្លេចបានឡើយនៅក្នុងជីវិត។ «វាជាគុណបំណាច់ធំណាស់ណាស់សម្រាប់ខ្ញុំ ពួកគាត់មិនជាប់សាច់ឈាម មិនមែនជាសាច់ញាតិរបស់ខ្ញុំ តែពួកគាត់បានជួយខ្ញុំ។ គុណបំណាច់របស់ពួកគាត់ធ្វើឱ្យខ្ញុំចងចាំគ្មានថ្ងៃបំភ្លេច»