(កំពង់ចាម)៖ ក្នុងឱកាសចូលរួមសកម្មភាពធ្វើស្រែ បង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់បម្រើ ឲ្យវិស័យផលិតកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែជាដៃគូអភិវឌ្ឍ យូរអង្វែងជាមួយកម្ពុជា ក្នុងកាលៈទេសៈកូវីដ-១៩ ធ្វើយ៉ាងណាធានា ឲ្យបាននូវសន្តិសុខស្បៀង និងធ្វើឲ្យវិស័យសេដ្ឋកិច្ចកម្ពុជា ឆាប់បានជាសះស្បើយ បន្ទាប់ពីវិបត្តិកូវីដ-១៩។

សកម្មភាពធ្វើស្រែ បង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់បម្រើ ឲ្យវិស័យផលិតកម្មស្រូវនេះ ដោយមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោកប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Pablo Kang ក៏បានធ្វើចំណាប់អារម្មណ៍ផងដែរ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម តាមរយៈគម្រោងកម្មវិធី ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងគម្រោងផ្សេងៗទៀត ជាពិសេសជំនួយរបស់រដ្ឋបាលអូស្រ្តាលី ក្នុងកាលៈទេសៈដែលពិភពលោកក៏ដូចកម្ពុជា បាននិងកំពុងជួបប្រទះវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។

មុនលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម លោកឯកអគ្គរាជទូត បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រម ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួយក្រុមគ្រួសារ របស់លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានបាត់បងជីវិតដោយសារជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្ម ដើម្បីបុព្វហេតុមនុស្សធម៌ និងអង្គការសហប្រជាជាតិដ៏ថ្លៃថ្លា។

លោកឯកអគ្គរាជទូត បានរៀបរាប់ដោយសង្ខេប អំពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុតាមរយៈគម្រោងកម្មវិធី CAVAC និងជាពិសេសការកសាងវិទ្យា ស្ថានស្រាវជ្រាវ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា (CARDI) និងការបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មកជូនបងប្អូនឃុំផ្តៅជុំ និងដោយឡែកបងប្អូន ដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទូទាំងខេត្តកំពង់ចាម ឲ្យជួបតែពុទ្ធពរទាំង៤ប្រការ។

លោក វេង សាខុន ក៏បានកោតសរសើរចំពោះអគ្គនាយកដ្ឋានកសិកម្ម ដែលបានរៀបចំកម្មវិធីនេះ និងជាពិសេស បានថ្លែងអំណរគុណចំពោះវត្តមានរបស់ លោកឯកអគ្គរដ្ឋទូត លោកអភិបាលខេត្ត ដែលបានអញ្ជើញចូលរួមកម្មវិធី ដ៏មានអត្ថន័យនាពេលនេះ។

លោក វេង សាខុន បានបញ្ជាក់ជូនអង្គពិធីជ្រាបថា កម្មវិធីនេះ គឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវ រដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើន នៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។

លោកថា សមិទ្ធផលនាថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់ សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម គឺមានរយៈពេលជាង២៥ឆ្នាំហើយ។ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា គឺចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្ម គ្រប់កម្រិតជំនាញ។
លើសពីនេះ បានពង្រឹងផ្នែកស្រាវជ្រាវ តាមរយៈកម្មវិធីស្រាវជ្រាវកម្ពុជាអូស្ត្រាលី និងបង្កើតឲ្យមានវិទ្យាស្ថាន CARDI ដែលវិទ្យាស្ថាននេះ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ បង្កាត់ពូជស្រូវ និងផ្សព្វផ្សាយ ហើយឈានទៅសម្រេច បាននូវគុណភាពអង្ករ ដែលពិភពលោកទទួលស្គាល់។

ដោយឡែក តាមរយៈកម្មវិធី CAVAC ដំណាក់កាលទី១៖ បានចូលរួមចំណែកក្នុងនោះ មានការជំរុញកសិធុរៈកិច្ច (Agribusiness Intervention) ការកសាងប្រព័ន្ធធារាសាស្ត្រ (Irrigation Infrastructure)។ ដំណាក់កាលទី២៖ គឺផ្តោតលើការជំរុញផលិតភាព និងគុណភាពផលិតកម្មដំណាំ ដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ការពង្រឹងប្រព័ន្ធទីផ្សារ ការបង្កើនផលិតភាព សម្រាប់ការប្រកួតប្រជែង ការបង្កើនប្រាក់ចំណូលរយៈពេលវែងរបស់កសិករខ្នាតតូច និងពាណិជ្ជករផ្នែកស្រូវអង្ករ និងដំណាំផ្សេងៗ។

ក្រៅពីនេះ កម្មវិធី CAVAC ចូលរួមរៀបចំបទដ្ឋានគតិយុត្ត ក្រោមច្បាប់ពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ រៀបចំប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពគ្រាប់ ពូជស្រូវ (QDS) ផ្តល់ការគាំទ្រសកម្មភាព ដល់នាយដ្ឋានពូជដំណាំ ដោយគិតទាំងការពង្រឹងសមត្ថភាពមន្ត្រី គាំទ្រថវិកាដល់ CARDI។ សិក្សាស្រាវជ្រាវ ស្តីពីប្រភេទដំណាំមានសក្តានុពលសម្រាប់នាំចេញ ធ្វើការជាមួយអគ្គនាយកដ្ឋានស្រាវជ្រាវ លើជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី -ល-។

តាមរយៈកម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះ បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីចូលរួមសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង២០៥០។

លោក វេង សាខុន ក៏បានសំណូមពរដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់វិស័យកសិកម្ម ជាពិសេសជួយបន្តកម្មវិធី CAVAC III បន្តទៀតផងដែរ៕