(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញផ្សាយនូវរបាយការណ៍ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ ប្រចាំខែមេសា ឆ្នាំ២០២០នេះ ដោយរបាយការណ៍នេះ បានបង្ហាញឲ្យឃើញពីកំណើន នៃចំណូលថ្នាក់រដ្ឋបាលជាតិគួរឲ្យកត់សម្គាល់ បើទោះបីកម្ពុជារងនូវផលប៉ះពាល់ ដោយវិបត្តិវីរុសកូវីដ១៩ក្តី។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៤ខែដំបូងឆ្នាំ២០២០នេះ ចំណូលរដ្ឋបាលថ្នាក់ជាតិរបស់កម្ពុជា សម្រេចបានចំនួន ៨ ៤២៨ ២៧៧លានរៀល (ស្មើនឹងប្រមាណ២០០០លានដុល្លារ) កើតឡើង១០.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

ចំណូលទាំងនេះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបាន ៧,១៣៣,៥១៤លានរៀល (ស្មើនឹងជាង១,៧០០លានដុល្លារ), ចំណូលផ្សេងៗ ៩៦៥,៩៨៧លានរៀល (ស្មើនឹងជាង២៣០លានដុល្លារ) និងអំណោយ ៣២៨,៧៧៥លានរៀល (ស្មើនឹង៨០លានដុល្លារ)។

ដោយឡែកបើកក្រឡែកទៅមើលការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប នៅរយៈពេល៤ខែឆ្នាំ២០២០ មានចំនួន ៧ ២៩៩ ៦៤០ លានរៀល (ស្មើនឹងប្រមាណជាង១៧០០លានដុល្លារ) កើនឡើង៣១.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។

ប្រភពនៃការចំណាយសំខាន់ៗរួមមាន៖ ចំណាយលើបន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម, ចំណាយការប្រាក់, ការឧបត្ថម្ភធន, អំណាយ, ការឧបត្ថម្ភផ្នែកសង្គមកិច្ច និងចំណាយផ្សេងៗ។

បើតាមការសន្និដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច ដោយផ្អែកលើទិន្នន័យបឋមនៃការអនុវត្តឆ្នាំ២០២០នេះ ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិ នៅតែទទួលបានលទ្ធផលល្អ (កើនឡើង១០.២៩%) ធៀបនឹងឆ្នាំ២០១៩ ស្របពេលដែលចំណាយសរុបក៏មានសន្ទុះគួរឱ្យកត់សម្គាល់ (កើនឡើង ៣១.៥៦%)។ បើទោះបីជាការអនុវត្តចំណូល និងចំណាយសរុបមានភាពល្អ ប្រសើរក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវី៥-១៩) នឹងផ្តល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់ រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០៕