(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយមិនត្រូវមានធ្វេសប្រហែស ឬភ្លេចចំពោះជំងឺឆ្លងដ៏កាចសាហាវមួយនេះនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវតាមទំព័រ Facebook នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះ «យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរ»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។
ដោយយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ បានរីករាលដាលលើដែនដី និងប្រទេសចំនួន ២១៦ប្រទេស។ អ្នកឆ្លង បានកើនឡើងជាង៦លាននាក់ ក្នុងនោះអ្នកស្លាប់ បានកើនដល់ជិត ៣៨ម៉ឺននាក់។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយសម្រាប់កម្ពុជា ទោះបីចំនួនអ្នកឆ្លងតិច តែក៏មិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៥នាក់ ប៉ុន្តែអ្នកជំងឺ១២៣នាក់ហើយ ត្រូវបានព្យាបាលជា។ នៅសល់អ្នកជំងឺតែពីរនាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលជំងឺ៕