(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានចុះផ្សាយនូវអត្ថបទមួយ ដែលលើកយកនូវបទពិសោធន៍ជោគជ័យ របស់គ្រួសារមួយ ក្នុងការប្រើប្រាស់ប្រាក់កម្ចី ដើម្បីបង្កើតអាជីវកម្ម ជំនួសការចំណាកស្រុក។
ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលនិយាយពីការប្រើប្រាស់ ប្រាក់កម្ចីរបស់គ្រួសារ លោក ភ រ៉ា និងភរិយាអ្នកស្រី ផល សុផល៖
លោក ភ រ៉ា និងភរិយាអ្នកស្រី ផល សុផល ធ្លាប់ធ្វើជាកម្មករចំណាកស្រុក ដោយធ្វើការងារក្នុងវិស័យសំណង់ និងកសិកម្មនៅប្រទេសថៃ។ ក្នុងឆ្នាំ២០១២ គាត់បាននាំក្រុមគ្រួសារមករស់នៅជិតព្រំដែនអូបីជាន់ ខេត្តបន្ទាយមានជ័យជាមួយម្តាយក្មេក និងបន្តការងារតាមព្រំដែនក្នុងប្រទេសថៃ។ កាលពីជាងប្រាំឆ្នាំមុន គាត់បានរៀបចំផែនការបង្កើតអាជីវកម្មខ្នាតតូចមួយ ដើម្បីបាននៅជិតគ្រួសារ និងពុំចាំបាច់ចំណាកស្រុកទៅធ្វើការនៅថៃបន្តទៀត ដោយប្រើប្រាស់ប្រាក់កម្ចីក្រុម ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដោយគេមិនតម្រូវអោយគាត់មានប្លង់ដី ឬទ្រព្យបញ្ចាំអ្វីឡើយ។
អាជីវកម្មលក់អ៊ីវ៉ាន់ចាប់ហួយរបស់គាត់បន្តរីកចម្រើនជាលំដាប់ ដែលអាចអោយគាត់ បង្កើតទ្រព្យសម្បត្តិជាច្រើនរួមមាន ដីពីរកន្លែង ផ្ទះ ម៉ូតូ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀត ពិសេសគាត់លែងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទៀតឡើយ។ បច្ចុប្បន្នគាត់បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរផ្សេងគ្នា ដោយសារឃើញឱកាសទិញដីនៅជាប់ផ្ទះរបស់គាត់ ដើម្បីទុកចែកកូន ។
គាត់បានចែករំលែកបទពិសោធ៍ពីការខ្ចីលុយពីគ្រឹះស្ថានពីរផ្សេងគ្នាក្នុងពេលតែមួយថា ទី១ គម្លាតនៃការសងទាំងពីរគ្រឹះស្ថាន ត្រូវមានចន្លោះឆ្ងាយពីគ្នាដើម្បីអាចរកប្រាក់សងទាន់ពេលវេលា។ ទី២ មិនត្រូវប្រើប្រាស់ប្រាក់កម្ចីលើល្បែងស៊ីសង ឬពិសាគ្រឿងស្រវឹង និងចាយវាយមានការសន្សំសំចៃ ដើម្បីរក្សាកេរ្ត៍ឈ្មោះឲ្យបានល្អ ប្រកបដោយការទទួលខុសត្រូវ។
នៅក្នុងកំឡុងពេលកូវីដ១៩នេះ ចំណូលប្រចាំថ្ងៃរបស់គាត់មានការធ្លាក់ចុះពីកន្លះលានរៀល មកត្រឹម២៥ម៉ឺន តែទោះជាយ៉ាងណាគាត់មិនមានបញ្ហា ក្នុងការសងត្រលប់ឡើយ ដោយគាត់មានប្រាក់សន្សំទុក រួមទាំងចាយវាយមានការសន្សំសំចៃផងដែរ ដើម្បីសងប្រាក់ទៅគ្រឹះស្ថានទាន់ពេលវេលា។
លោក ភ រ៉ា និងភរិយា បានបញ្ជាក់ថា បើសិនជាគ្មានកម្ចីពីមីក្រូហិរញ្ញវត្ថុទាំងនោះទេ គាត់ក៏មិនមានអាជីវកម្មនេះដែរ និងមិនមានដីផ្ទះសល់ដូចសព្វថ្ងៃនោះទេ ហើយមិនបាននៅជិតគ្រួសារឡើយ ដោយត្រូវចំណាកស្រុកទៅធ្វើការនៅថៃ៕