(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដាស់តឿនដល់មន្ត្រីមុខងារសាធារណៈគ្រប់ជាន់ថ្នាក់ថា ក្នុងដំណាក់កាលនេះមិនត្រូវយកលេស Lock down ដើម្បីបង្ការការពារជំងឺកូវីដ-១៩ ហើយខកខានមិនទៅធ្វើការ ឬមិនទទួលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនោះឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល។
លោក ព្រុំ សុខា បានឱ្យដឹងថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ដែលមានកាលៈទេសៈខ្លះមិនអាចចេញធ្វើដំណើរ ឬ Lock down បាននោះ ក៏មិនមែនមន្ត្រីទាំងឡាយត្រូវនៅធ្វើការក្នុងផ្ទះទាំងអស់គ្នានោះដែរ ពីព្រោះមន្ត្រីខ្លះត្រូវផ្ដល់សេវាសាធារណៈដោយផ្ទាល់ជូនប្រជាពលរដ្ឋ។
លោកថ្លែងយ៉ាងដូច្នេះថា «មិនអាចមានលេសថាកើតកូវីដ គេ Lock down ខ្ញុំមិនអាចចេញទៅធ្វើការបាននោះឡើយ។ អ្វីដែលចាំបាច់ត្រូវការពារខ្លួនឯងផង ការពារកុំឱ្យអ្នកដទៃមកចម្លងយើងផង ហើយផ្ដល់សេវាបានប្រកបដោយការប្រុងប្រយ័ត្ន នេះជាការងារគំរូរបស់មន្ត្រីរាជការសាធារណៈត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន»។
ក្រៅពីនេះ លោកបានដាស់តឿនមន្ត្រីមុខងារសាធារណៈគ្រប់គ្នា ត្រូវបន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារទាំងឡាយទាំងពូងជូនក្រសួង ស្ថាប័នរបស់ខ្លួន ពិសេសប្រជាជាតិទាំងមូល។ ត្រូវអភិវឌ្ឍន៍សមត្ថភាពទៅតាមការរីកចម្រើនប្រព័ន្ធឌីជីថល ឬបដិវត្តឧស្សាហកម្ម ៤.០ ដែលពោរពេញទៅដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
លើសពីនេះ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រុងប្រយ័ត្នចំពោះសុខភាព ថែរក្សាអនាម័យ បន្តការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលត្រូវប្រកាសចូលកាន់មុខតំណែងថ្មីនោះ រួមមាន៖
* ព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៦៨ ត្រាស់បង្គាប់៖
ទី១៖ ដំឡើង និងតែងតាំងមុខតំណែងលោក ហង្ស ឆាំឆាន ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ។
ទី២៖ តែងតាំងមុខតំណែងលោក ពេជ្រ វិជ្ជាគន្ធី ជាអនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ។
ទី៣៖ តែងតាំង និងផ្ដល់ឋានៈលោក អុល រ៉ូ ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
* ព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៦៩ ត្រាស់បង្គាប់៖
ទី១៖ ផ្ទេរ និងតែងតាំងមុខតំណែងលោក ហាស់ ប៊ុនថ្ថន ពីឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងផែនការ មកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ។
ទី២៖ ផ្ទេរ និងដំឡើងឋានន្តរស័ក្តិលោក យឿន សម្បត្តិ ពីឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកជាឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៦ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។
* តែងតាំងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដោយអនុក្រឹត្យលេខ ៤៩៣ អនក្រ.តត រួមមាន៖
ទី១៖ លោកស្រី ពេជ សូរិយា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៤ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
ទី២៖ លោក គឹមសួគ៌ តេតង់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៦ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
ទី៣៖ លោក សយ រតនៈ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ១ ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
* តែងតាំងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ ដោយប្រកាសលេខ ១៨៧៥ មស.ប្រក រួមមាន៖
ទី១៖ លោកស្រី តន់ វ៉ាន់ស្រៀន ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក។
ទី២៖ លោក រុន សុខគា ជាអនុប្រធាននាយកដ្ឋានរដ្ឋបាល និងសរុប។
* តែងតាំងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ ដោយប្រកាសលេខ ២០២៦ មស.ប្រក រួមមាន៖
ទី១៖ លោក ស ដារុន អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក។
ទី២៖ លោកស្រី ឆាំ មារតី អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក៕