(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា បានថ្លែងថា នៅឆ្នាំ២០២០នេះ ក្រសួងនឹងផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌគ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានានៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ សន្សំសំចៃសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។
ការថ្លែងរបស់រដ្ឋមន្ត្រីមុខងារសាធារណៈយ៉ាងដូច្នេះថា ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំនេះ សួរថាម៉េចបានយើងផ្អាកការជ្រើសរើសក្របខណ្ឌថ្មី? ពាក្យថាក្របខណ្ឌថ្មី មានន័យថាមួយឆ្នាំហ្នឹង គឺអត់រើសហ្មង គឺដោយសារផលប៉ះពាល់នៃកូវីដ-១៩ ដើម្បីធ្វើម៉េចឱ្យថវិកាជាតិទ្រទ្រង់សកម្មភាពរាជរដ្ឋាភិបាល និងសង្គមជាដើម»។
លោករដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ទៀតថា ការផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីនេះ គឺធ្វើឡើងនៅគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ សូម្បីតែប្រព័ន្ធតុលាការក៏ដោយ។ លោកថា ពីមុនរាជរដ្ឋាភិបាលប្រកាសថាថវិកាជាតិមានគ្រប់គ្រាន់ក្នុងការចាយវាយ ប៉ុន្តែកាលណោះមិនទាន់មានជំងឺកូវីដទេ ដល់ពេលមានវិបត្តិជំងឺកូវីដបែបនេះទៅ ក៏ចាំបាច់តម្រូវឱ្យមានការសន្សំសំចៃ។
លោកក៏បានបង្ហើបអំពីគម្រោងស្នើសុំផ្អាកដំឡើងថ្នាក់របស់មន្ត្រីរាជការ សម្រាប់រយៈពេលមួយឆ្នាំផងដែរ គឺដើម្បីផលប្រយោជន៍រួមក្នុងការសន្សំសំចៃថវិកាជាតិ យកទៅចំណាយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រោះក្រសួងរបស់ក្រសួងមុខងារសាធារណៈ ត្រូវមានការគ្រប់គ្រងក្របខណ្ឌហើយត្រូវគ្រប់គ្រងបៀវត្សដោយការសន្សំសំចៃ។
លោកថ្លែងយ៉ាងដូច្នេះថា «ឆ្នាំក្រោយ ប្រហែលដល់ពេលដែលយើងត្រូវសុំផ្អាកដំឡើងថ្នាក់ ទោះបីថាលុយនោះមិនច្រើន តែដើម្បីចូលរួម, តាមខ្ញុំស្មានយ៉ាងហោចក៏ ១០ លានដុល្លារដែរ»។
លោកបានពន្យល់ប្រាប់មន្ត្រីរាជការទាំងឡាយថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាលតែមួយនោះទេ គឺពាក់ព័ន្ធគ្រប់ផ្នែក គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពទាំងអស់ ដែលត្រួវរួមគ្នាដោះស្រាយ ដើម្បីសុខភាពសាធារណៈរួមរបស់ប្រជាជាតិកម្ពុជា៕