(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ ឯកអគ្គរាជទូត និងមន្ត្រីការទូត នៃវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ របស់ក្រសួងការបរទេស នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវការណែនាំ និងចែករំលែកបទពិសោធន៍ ៣ចំណុចដូចតទៅ៖
*១៖ អំពីគោលការណ៍ការងារទូទៅ គឺត្រូវផ្អែកលើការងារធំៗទាំង៥ ដែលក្រសួងបានដាក់ចេញ ហើយដែលត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីគាំទ្រ ណែនាំបន្ថែមក្នុងឱកាសបិទសន្និបាតកាលពីដើមឆ្នាំនេះ។ ក្នុងនោះយកចិត្តទុកដាក់ការពារផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារ អធិបតេយ្យ ឯករាជ្យ កិត្យានុភាព កិត្តិយសជាតិ កុំឲ្យគេរំលោភបំពាន មើលងាយជាដាច់ខាត។
លោកជំរុញថា ត្រូវសកម្មចេញមុខបកស្រាយការពារ នយោបាយរាជរដ្ឋាភិបាល ការពិតនៅកម្ពុជា បកអាក្រាតការមួលបង្កាច់បង្ខូចកិត្តិនាមយើង។ ការពារសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយផ្ទៃក្នុងប្រទេស តាមរយៈការតស៊ូប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងរុញច្រានឲ្យប្រទេសជាតិយើង ធ្លាក់ក្នុងសង្រ្គាមសារជាថ្មី ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាជនម្ចាស់ឆ្នោតដ៏ច្រើនលើសលប់ កសាងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ អ្នកនយោបាយ អ្នកមានឥទ្ធិពលនៅក្នុងប្រទេសម្ចាស់ផ្ទះ និងកសាងទំនាក់ទំនងស្និទ្ធស្នាលជាមួយពលរដ្ឋដែលរស់នៅ ធ្វើការ ប្រកបរបររកស៉ី និងជួយយកអាសារពលរដ្ឋយើង ដែលជួបការលំបាកនៅទីនោះ។
* ទី២៖ ជួយរួមវិភាគទាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិយើង តាមរយៈការអនុវត្តការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ លោកបន្ថែមថា គ្មានប្រទេសណាអាចទទួលជោគជ័យបាននោះទេ បើប្រសិនមិនយកបញ្ហាសេដ្ឋកិច្ចធ្វើជាស្នូល ធ្វើជារបៀបវារៈទី១របស់ខ្លួននោះ។ ស្ថានទូត ស្ថានបេសកកម្មរបស់យើង មានភារកិច្ចជួយលើកស្ទួយកម្ពុជា ឲ្យក្លាយជាគោលដៅពេញនិយមសំរាប់ការបោះទុនវិនិយោគ និងធ្វើទេសចរណ៍ ផ្សព្វផ្សាយផលិតផលកម្ពុជា វប្បធម៌ប្រវត្តិសាស្រ្ត ទំនៀមទំលាប់ខ្មែរឲ្យបានទូលាយ។
* ៣៖ គ្រប់គ្រងឲ្យបានល្អស្ថានបេសកកម្ម។ លោកថ្លែងថា ស្ថានបេសកកម្មនេះមិនធំទេ មន្ត្រីបុគ្គលិកក៏មិនច្រើនដែរ ប៉ុន្តែការងារនៅទីនោះ គឺជាការងារដែលមានលក្ខណៈពហុវិស័យចម្រុះបែប។ ដោយហេតុនេះ ទាមទារឲ្យប្រធានស្ថានបេសកកម្មមានភាពជាអ្នកដឹកនាំខ្ពស់ មានវិន័យ និងសីលវិធីច្បាស់លាស់ ក្នុងការគ្រប់គ្រងចាត់ចែងការងារ និងរស់នៅដោយសុខដុមជាមួយមន្ត្រី បុគ្គលិកក្រោមឱវាទ។
លោក ប្រាក់ សុខុន ក៏បានលើកទឹកចិត្តវិទ្យាស្ថានជាតិការទូត ដែលឥឡូវនេះមានប្រធាន និងអនុប្រធានថ្មី ជាអ្នកមានបទពិសោធន៍ ចំណេះដឹង និងភាពប៉ិនប្រសព្វខាងស្រាវជ្រាវ ការគ្រប់គ្រង និងអនុវត្តគំរោង ឲ្យបន្តខិតខំសម្រួចបន្ថែមនូវវគ្គបំប៉នសម្រាប់មន្រ្តីការទូត និងមន្រ្តីស្ថាប័នផ្សេង ដែលមានតម្រូវការខាងជំនាញការទូត និងរិះរកវិធីសាស្រ្តគរុកោសល្យ ក្នុងការធ្វើឲ្យការបណ្តុះបណ្តាល បំពាក់បំប៉នកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការជាក់ស្តែងនៃធនធានមនុស្សក្នុងបរិការបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ វិទ្យាស្ថានត្រូវធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីឲ្យការបណ្តុះបណ្តាលតាមទាន់ការវិវត្តន៍នៃសភាពការណ៍ក្នុងតំបន់ និងសកលលោកដែលកំពុងឈានដល់ Diplomacy 4.0 ឬអ្នកការទូតសម័យឌីជីថល៕