(កំពង់ធំ)៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។
លោកអគ្គនាយកក៏បានផ្សព្វផ្សាយផងដែរ ពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទានដើម្បីសម្រួលដល់ការទទួលបានឥណទានហិរញ្ញប្បទានពិសេសនេះពីធនាគារ។
បន្ថែមលើនេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូន៖
* កសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ សូមរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
* ក្នុងករណីបងប្អូនខ្វះទ្រព្យធានា លោកស្នើសុំឲ្យបងប្អូនប្រមូលផ្តុំចងក្រងគ្នាជាក្រុមផលិត ឬសហគមន៍កសិកម្ម ដើម្បីងាយស្រួលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
* ដើម្បីចូលរួមលើកកម្ពស់ជីវភាព កសិករ ជួយសេដ្ឋកិច្ចប្រទេសជាតិ និងជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ លោកស្នើសុំអោយបងប្អូន បង្កើនការផលិតក្នុងស្រុកប្រកបដោយគុណភាព មានស្តង់ដារ និងកាត់បន្ថការប្រើប្រាស់ជីគីមី ដើម្បីបំពេញតំរូវការទីផ្សារក្នុងតំណាក់កាលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដោយសារជំងឺកូវីដ ១៩ និងបញ្ហា EBA។
សូមបញ្ជាក់ថាក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពលោក ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល, តំណាងតំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអភិបាលស្រុក និងមន្ទីរជំនាញជុំវិញខេត្តផងដែរ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៩៩ ២១២២២៩/០១២ ៧០៦៦៣៦/០៧៧ ៧៥៩១៥៩៕