(ភ្នំពេញ)៖ លោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានថ្លែងថា វិទ្យាស្ថាននេះបានក្លាយជាសេនាធិការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីកសាងវិជ្ជាជីវៈ និងអាជីពការទូត ចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយការបរទេសរបស់កម្ពុជា ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាការលើកកម្ពស់ តួនាទីដ៏សំខាន់ និងសកម្មរបស់កម្ពុជា ក្នុងកិច្ចការតំបន់ និងពិភពលោក។
ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គ Orientation Course សម្រាប់ឯកអគ្គរាជទូត អគ្គរាជទូត និងសហព័ទ្ធ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ ក្នុងទីស្តីការក្រសួងការបរទេស។
ក្នុងឱកាសនោះ តាងនាមឲ្យមន្រ្តីវិទ្យាស្ថានទាំងអស់ លោក ទាន សំណាង បានសម្តែងនូវអំណរគុណ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ តាមរយៈអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងបានចាត់ទុកថា «ការបង្កើត និងការចាប់ផ្តើមដំណើរការវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ គឺប្រៀបបីដូចជាសុបិន្តដែលក្លាយជាការពិត»។
លោកបន្តថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អគារវិទ្យាស្ថាន ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។ ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថា វិទ្យាស្ថានបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការងារបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាពមន្រ្តីការទូត និងឈានដល់ការកសាងវិជ្ជាជីវៈ និងអាជីពការទូតដ៏ច្បាស់លាស់មួយ។ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ គឺជាស្ថាប័នបណ្តុះបណ្តាលអ្នកការទូតទីមួយ ដែលស្ថិតនៅក្រោមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ទាន សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំ២០១៦ នោះផងដែរ បណ្ឌិត ឈីវ យីស៊ាង ក៏ត្រូវបានផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាប្រធានវិទ្យាស្ថានទីមួយ បន្ថែមលើមុខងារនៅក្នុងក្រសួង ដើម្បីធ្វើការដឹកនាំ និងគ្រប់គ្រងស្ថាប័ននេះ តាំងពីស្ថានភាព «កវែក កឆ្នាំង» រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២០។ ខ្ញុំបាទ ក៏ត្រូវបានផ្តល់ឱកាស សេចក្តីទុកចិត្ត និងតែងតាំងជាប្រធានវិទ្យាស្ថានទីពីរ ចាប់ពីពេលនោះផងដែរ ដើម្បីបន្តដឹកនាំស្ថាប័នបណ្តុះបណ្តាលការទូតដ៏មានសារៈសំខាន់នេះ»។
«ក្នុងការសម្រេចឲ្យបាននូវការដ្ឋានកំណែទម្រង់ ដែលបានដាក់ចេញដោយ ឧបនាយករដ្ឋមន្រ្តី សមត្ថភាពធនធានមនុស្ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ហេតុដូច្នេះហើយ ទើបវិទ្យាស្ថាន បានក្លាយជាសេនាធិការរបស់ក្រសួង ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីកសាងវិជ្ជាជីវៈ និងអាជីពការទូត ចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គោលនយោបាយការបរទេសរបស់កម្ពុជា ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាការលើកកម្ពស់ តួនាទីដ៏សំខាន់ និងសកម្មរបស់កម្ពុជា ក្នុងកិច្ចការតំបន់ និងពិភពលោក»។
បើតាមលោក ទាន សំណាង ដើម្បីកំណត់បេសកកម្ម និងភារកិច្ចរបស់ វិទ្យាស្ថានឲ្យកាន់តែមានវិសាលភាពធំជាងមុន អនុក្រឹត្យលេខ ២៧៤ អនក្រ.បក ត្រូវបានកែសម្រួល ដោយអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ មានបេសកកម្ម ចំនួន៤ រួមមាន៖
១៖ រៀបចំកម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ
២៖ រៀបចំការបណ្តុះបណ្តាលភាសារបរទេស
៣៖ ធ្វើការស្រាវជ្រាវផ្សព្វផ្សាយគោលនយោបាយការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៤៖ កសាងភាពជាដៃគូជាមួយវិទ្យាស្ថានការទូតជាតិ និងអន្តរជាតិនានា។
នៅលើវិស័យសិក្សាធិការ ការបណ្តុះបណ្តាលនិងស្រាវជ្រាវ ជំនាញការទូតនិងទំនាក់ទំនងអន្តរជាតិ ឈរលើបាវចនា៣ រួមមាន៖ Credibility, Visibility, and Partnership ដែលបានដើរតួនាទីយ៉ាងសំខាន់និងសកម្ម ក្នុងការទ្រទ្រង់ ជំរុញ និងបង្កើតឲ្យមានអង្គអ្នកការទូតមួយប្រកបដោយវិជ្ជាជីវៈ សេ្នហាជាតិ និងមានសមត្ថភាពខ្ពស់៕