(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចាត់ទុកថា យុទ្ធនាការទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ ដែលរៀបចំឡើងដោយ ក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាឆាកល្ខោនសម្តែង និងធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ តែប៉ុណ្ណោះ ខណៈដែលរាជរដ្ឋាភិបាលបានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយត្រៀមនឹងដាក់តំបន់នេះជា «ឧទ្យានជាតិសមុទ្រ» នៅឆ្នាំ២០២១ ផងដែរ។

តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្រសួងបរិស្ថាន សូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូច ដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ។ នេះគ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ យុវជនមាតាធម្មជាតិមួយក្រុម បានដាក់ចេញយុទ្ធនាការជិះកង់ពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់បញ្ចូលកោះកុងក្រៅជាតំបន់ការពារ។ យុទ្ធនាការជិះកង់ដាក់ញត្តិរបស់ក្រុមយុវជនមាតាធម្មជាតិនេះ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះជា «ឧទ្យានជាតិសមុទ្រ» ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារនិងអភិរក្ស។ នៅក្នុងគម្រោងផែនការ ក្រសួងបរិស្ថានរំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា «ឧទ្យានជាតិសមុទ្រ» អំឡុងឆ្នាំ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។

ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុមជនមួយចំនួនតូចនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ហើយចៀសវាងការបង្កើតឆាកល្ខោនសម្តែង និងធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖