(ភ្នំពេញ)៖ បុរសម្នាក់ដែលត្រូវតុលាការចោទប្រកាន់ ពីបទប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈបានគេចវេសចំនួន៣លើក មិនចូលខ្លួនតាមដីកាបង្គាប់របស់តុលាការ តែបែរជាបង្កើតបញ្ហាជាមួយដើមបណ្តឹងថែមទៀត តាមរូបភាពបរិហាកេរ្តិ៍ជាច្រើនលើក តាមបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ពិសេសបានដើរដាក់ពាក្យបណ្តឹង តាមស្ថាប័នមន្ត្រីនគរបាលយុត្តិធម៌បំភ័ន្តអង្គហេតុបំភ្លៃរឿង ដើម្បីទម្លាក់កំហុសមកលើដើមបណ្តឹងវិញ។
ករណីនេះដើមបណ្តឹងយល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ ជៀសវាងការរឹងទទឹង រត់គេចខ្លួនពីការទទួលខុសត្រូវ ព្រហ្មទណ្ឌនិងបង្កបញ្ហាបង្កើតជាបទល្មើស ព្រហ្មទណ្ឌតាមគ្រប់រូបភាពថ្មីៗទៀត នោះក៏សំណូមពរសុំឲ្យតុលាការឃុំខ្លួនឈ្មោះ សូ បិនឡា ដើម្បីបង្ការនិងបញ្ចប់បទល្មើសទាំងនេះផង។
បុរសរូបនេះ បានត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ជនត្រូវចោទរូបនេះឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០អា ផ្លូវលេខ២៣២ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមឯកសារចាប់ខ្លួន របស់តុលាការបានបញ្ជាក់ថាឈ្មោះ សូ បិនឡា ត្រូវចោទប្រកាន់ពីបទប្រើអំពើហឹង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ដើមចមនៃការចាប់ខ្លួនឈ្មោះ សូ បិនឡា នេះ គឺផ្តើមឡើងកាលពីអំឡុងឆ្នាំ២០១៦ ជនត្រូវចោទបានលក់ដីស្រែមួយកន្លែង មានទំហំជិត៤ហិកតា នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យមកឈ្មោះ កើត ខេង ដោយការលក់ដូរនោះ មានការផ្ទេរសិទ្ធិកាន់កាប់ទទួលស្គាល់ ដោយអាជ្ញាធរត្រឹមត្រូវតាមច្បាប់។
រយៈពេល៣ឆ្នាំក្រោយមកពោលគឺនៅអំឡុងឆ្នាំ២០១៩ នៅពេលដីឡើងថ្លៃ ឈ្មោះ សូ បិនឡា បានក្លែងឯកសារ ហើយប្តឹងទាមទារយកដីដែលបានលក់ ផ្ទេរកម្មសិទ្ធិឲ្យឈ្មោះ កើត ខេង នោះវិញ ដោយមានការញុះញង់ពីមន្ត្រីយោធាផ្កាយ២ម្នាក់ ក្រោមរូបភាពឈ្នះបានដីចាញ់បានលុយ។
ទីបំផុតឈ្មោះ កើត ខេង បានប្តឹងចូលមក សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។
ក្នុងរឿងក្តីនេះតុលាការបានចេញដីកាបង្គាប់ ឲ្យឈ្មោះ សូ បិនឡា ចូលខ្លួនមកបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញចំនួន៣លើក តែជនត្រូវចោទមិនបានចូលខ្លួន តាមការកំណត់របស់តុលាការនោះទេ ទើបតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង៕
ឈ្មោះ សូ បិនឡា ខណ:សមត្ថកិច្ចឃាត់ខ្លួន