(ភ្នំពេញ)៖ មេដឹកនាំកំពូលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានបណ្តាញសង្គម Facebook ផ្តល់ចំណាត់ខ្ពស់បំផុត ដែលមានអ្នក Like ច្រើនជាងគេជាប្រចាំថ្ងៃ នេះបើយោងតាមបណ្តាញសង្គមវាស់ស្ទង់ Socialbakers ចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។ ការផ្តល់នេះផ្តោតតែលើមេដឹកនាំកម្ពុជា ៣រូបតែប៉ុណ្ណោះ ។
Socialbakers បានជ្រើសរើសយកមេដឹកនាំកម្ពុជា ៣រូប ដែលមានអ្នក Like ច្រើនជាងគេ (ប្រចាំថ្ងៃ)៖
១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានចំនួនអ្នក Like = 10760
២៖ លោក សម រង្ស៊ី មានចំនួនអ្នក Like = 3543
៣៖ លោក កឹម សុខា មានចំនួន Like = 693
សូមជំរាបថា Facebook របស់សម្តេចតេជោ ហ៊ុន សែន មានសន្ទុះនិងនិយមចូលចិត្តកាន់តែកើនឡើងខ្លាំង ចាប់តាំងពី សម្តេចតេជោ ហ៊ុន សែន បង្កើតឱកាសទំនាក់ទំនងជិតស្និទ្ឋ ដោយផ្ទាល់ពីប្រជាពលរដ្ឋទូទាំងប្រទេស និងបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាតិ ជាច្រើនដែលប្រជាពលរដ្ឋបានទទួលការអបអរសាទរកន្លងមកថ្មីៗនេះ រួមទាំងការសម្រេចអត់ឲ្យពលរដ្ឋបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំងចាប់ពី ១២៥cc ចុះក្រោម, ទម្លាក់តម្លៃបណ្ណបើកបររថយន្តចុះពាក់កណ្តាល, អនុញ្ញាត្តឲ្យម្ចាស់យានយន្តចង្កូតស្តាំ ទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត, អត់ឲ្យបង់ថ្លៃការផ្ទេរមរតកអចលនទ្រព្យ ពីជីដូន-ជីតា ទៅចៅ ពីប្តីទៅប្រពន្ឋ ពីឪពុកម្តាយទៅកូន និងបានយកមកវិញនូវផ្លួវវេងស្រេង និង ចុងក្រោយបានយកផ្លូវជាតិលេខ៤ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ គឺប្រជាពលរដ្ឋអស់ព្រួយបារម្ភពីការចំណាយប្រាក់កាស។
សកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឲ្យប្រជាពលរដ្ឋពិតជាសប្បាយអរបអរសាទរ ចំពោះសេចក្តីសម្រេចចិត្តដ៏ល្អត្រឹមត្រូវបំផុត របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំបំផុត។ នេះគឺជាប្រជាប្រិយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងទាំងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស។
គិតមកត្រឹមយប់ថ្ងៃសៅរ៍នេះ Facebook លោក សម រង្ស៊ី មានចំនួនជាង២លាននាក់, Facebook សម្តេចតេជោ ហ៊ុន សែន មានចំនួនជិត២លាននាក់ និងលោក កឹម សុខា មានចំនួនជាងកន្លះលាននាក់តែប៉ុណ្ណោះ៕