(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកឧត្តមសេនីយ៍ឯក យឹម លាង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ ក្របខ័ណ្ឌថ្មី នៃនាយកដ្ឋានអង្គរក្ស។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានលើកឡើងថា ក្នុងនាមនគរបាលជាតិ និយាយជារួម និយាយដោយឡែកនគរបាលអង្គរក្ស ទោះក្នុងតម្លៃណាក៏ដោយដាច់ខាតត្រូវតែស្មោះត្រង់បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ សង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងនគរបាលអង្គរក្ស ចាំបាច់ត្រូវតែមានមូលដ្ឋានច្បាស់លាស់ មានចិត្តស្មោះត្រង់ជាមួយប្រទេសជាតិ ជាមួយអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ដែលទាំងនេះជាចំណុចចម្បង និងសំខាន់បំផុតដែលត្រូវតែមានការតាំងចិត្តខ្ពស់។ បើនគរបាលអង្គរក្សគ្មានចិត្តស្មោះត្រង់មានន័យថា យើងមិនអាចធ្វើជាកងកម្លាំងអង្គរក្សបានទេ ព្រោះថាសុខទុក្ខ និងសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ គឺពឹងផ្អែកទាំងស្រុងមកលើពួកយើង។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ការរៀបចំពិធីនៅពេលនេះ គឺជាការផ្តល់កម្លាំងចិត្តមួយយ៉ាងសំខាន់ដល់មន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ដើម្បីចូលរួមចំណែកការពារព្រះរាជសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
នាយឧត្តមសេនីយ៍ ក៏បានសំណូមពរឲ្យមន្ត្រីដែលជាកងកម្លាំងនគរបាលអង្គរក្ស ត្រូវតែរួបរួមសាមគ្គីផ្ទៃក្នុង ចេះយោគយល់ និងជួយគ្នាទៅវិញទៅមក ត្រូវហាត់ពត់លុតដំកាយសម្បទា សុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណាជៀសផុតពីជម្ងឺផ្សេងៗ ជាពិសេសត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បាននាំយកថវិកាជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូននាយកដ្ឋានអង្គរក្ស ចំនួន១០លានរៀល និងមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន៣៨៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕