(ភ្នំពេញ)៖ គួរឲ្យអាណិតស្រ្តីអ្នកលក់បន្លែ ដែលជិះម៉ូតូដើម្បីមកទិញបន្លែនៅផ្សារច្បារអំពៅបែរជាមានជនសង្ស័យ២នាក់ ស្ទាក់យកមួកសុវត្ថិភាពវាយជនរងគ្រោះប្លន់យកកាបូបអស់លុយជាង ១លានរៀន រួចព្យាយាមបើករត់គេចបាត់។
ហេតុការណ៍នេះកើតឡើងកាលវេលាទៀបភ្លឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ។
ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DD-3264 បាត់បង់ទ្រព្យសម្បត្តិរួមមានលុយទូរស័ព្ទសាមសុង១គ្រឿង និងលុយ ១លាន ៣សែនរៀលដែលទុកក្នុងកាបូប។
លោក ហោ ស៊ីលីហូវ នាយប៉ុស្តិ៍រដ្ឋបាលនិរោធ បានឲ្យដឹងថា ករណីខាងលើនេះ ស្រ្តីរងគ្រោះបានជិះម៉ូតូដើម្បីទៅផ្សារទិញបន្លែនៅផ្សារច្បារអំពៅ បើកបតាមផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូស៊ុយសូគីលេតពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1A-4678 ជិះគ្នា២នាក់ អាយុជាង២៨ឆ្នាំ បើកស្របទិសគ្នាមកអែបនៅខាងឆ្វេងដៃម៉ូតូរងគ្រោះ និងលូកដៃឆក់កាបូបដែលជនរងគ្រោះព្យួរនៅរាលម៉ូតូ។
តែពេលឆក់កាបូបក៏ទាក់ដៃចង្កូតម៉ូតូជាមួយម៉ូតូជនសង្ស័យដួលទាំងអស់គ្នា ហើយក៏ស្រែកឲ្យប្រជាពលរដ្ឋជួយអន្តរាគមន៍ តែជនសង្ស័យបានយកមួកសុវត្ថិភាពវាយជនរងគ្រោះមួយមួក ស្របពេលនោះជនសង្ស័យឃើញប្រជាពលរដ្ឋ ចេញមកអ៊ូអរច្រើនក៏នាំគ្នារត់ចោលម៉ូតូបាត់ ។
នគរបាលបន្តថា ក្រោយមកកម្លាំងនគរបាលល្បាតមកដល់ចំណុចកើតហេតុ ក៏សួរនាំដឹងរឿងហេតុ នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងរក្សាទុក ចំណែកម៉ូតូសង្ស័យ និងស្រាវជ្រាវតាមស្លាកលេខម៉ូតូបន្តទៀត ដើម្បីយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់៕