(កំពង់ធំ)៖ លោកស្រី ឃួ នី អភិបាលរងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខស្រ្តីឈ្មោះ លាង ខែម ដែលត្រូវប្តីវាយកាប់ប្រហារចំក្បាលចំនួន២កាំបិត រងរបួសធ្ងន់ ស្ថិតនៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង។ សម្ភារៈដែលត្រូវប្រគល់ជូនស្រ្តីរងគ្រោះ រួមមានមុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ទឹកសុទ្ធ២យួ ស្កសរ ទឹកផ្លែឈើ និងថវិកា២៥០.០០០រៀល។
សូមបញ្ជាក់ថា កម្លាំងនគរបាល មូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានចុះទៅជួយអន្តរាគមន៍ និងចាប់ខ្លួន លោកប្តីប្រមឹកម្នាក់ ក្រោយកាប់ ក្បាលប្រពន្ធចំនួន២កាំបិត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង។ មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាប្តី ដែលត្រូវចាប់ខ្លួន នៅវេលាម៉ោង១២៖៣០រសៀលថ្ងៃនេះ មានឈ្មោះ ឈាក សិត អាយុ៣៦ឆ្នាំ ដោយឡែកជនរងគ្រោះមានឈ្មោះ លាង ខែម អាយុ៣៥ឆ្នាំ រងរបួសជាទំងន់ចំក្បាល។
បើតាមមន្រ្តីនគរបាល ក្រោយផឹកស៊ីស្រវឹងរួចហើយ ជនសង្ស័យបានមករករឿងប្រពន្ធពេលនោះ ស្រាប់តែជម្លោះកាន់តែខ្លាំង ទើបលោកប្តីទាញកាំបិត កាប់ក្បាលប្រពន្ធ ចំនួន២កន្លែង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕