(កំពង់ធំ)៖ គ្រួសារអតីតយុទ្ធជនពលី ២គ្រួសារ រស់នៅឃុំគគីធំ និងឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះថ្មីជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារអតីតយុទ្ធជន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូននៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។
ពិធីនេះធ្វើឡើងក្រោមអធិបតីលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាងនាយឧត្ដមសេនីយ៍ គន់ គីម និងដោយមានការចូលរួមពីអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមផងដែរ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ និងប្រជាជនក្នុងសម័យសង្គ្រាមកន្លងមក ដើម្បីរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តន៍គោលនយោបាយឈ្នះឈ្នះធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រាបជូនអំពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ជូន ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ដើម្បីឲ្យបងប្អូនបន្តការប្រុងប្រយ័ត្នខ្ពស់កុំឲ្យមានការឆ្លងមេរោគកូវីដ១៩ ក្នុងក្រុមគ្រួសារក៏ដូចជាសហគមន៍ផងដែរ
ផ្ទះថ្មីដែលបានសាងសង់រួចប្រគល់ជូនគ្រួសារអតីតយុទ្ធជននៅពេលនេះ មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក ជញ្ជាំងនិងដំបូលប្រក់ ស័ង្កសីកិនភ្លី រនាបក្រាលក្តារ ជណ្ដើរកាច់ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនមានទី១៖ លោក ឌឹត អ៊ឹម អាយុ ៥៦ឆ្នំា អតីតយុទ្ធជនពិការមានសមាជិកក្នុងបន្ទុកគ្រួសារ ៥នាក់ រស់នៅភូមិទូកពីរ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទី២៖ លោក យាយ គា សាំ អាយុ៧៥ឆ្នំា ជាគ្រួសារអតីតយុទ្ធជនពលី មានសមាជិកក្នុងបន្ទុកគ្រួសារ ៣នាក់ រស់នៅភូមិពណ្ណរាយណ៍ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធបាននាំយកនូវជំនួយឧបត្ថម្ភ បន្ថែមរបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនគាត់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ គ្រឿងសម្ភារៈ ប្រើប្រាស់ផ្ទះបាយ និងថវិកាមួយចំនួនផងដែរ៕