(ភ្នំពេញ)៖ សម្ភារបរិក្ខារវេជ្ជសាស្រ្ត សម្រាប់បម្រើឱ្យការការពារ និងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) របស់ចិន ដែលជំនួយឥតសំណងថ្មីមួយទៀត របស់រដ្ឋាភិបាល និងប្រជាជនចិន ត្រូវបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានមកដល់កម្ពុជាជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ គិតជាទឹកប្រាក់សរុបប្រមាណ២.៥លានដុល្លារអាមេរិក។
សម្ភារទាំងនោះរួមមាន៖
១៖ កញ្ចប់តេស្តរកវីរុសកូវីដ១៩ (PCR Fluorescence Probing Diagnostic Kit ) ចំនួន ៥០.០១៦ តេស្ត
២៖ អាវអៀមគ្រប (Disposable Coverall) ចំនួន ៣០,០០០ អាវ
៣៖ ម៉ាស់ N95 (N95 Respirator Mask) ចំនួន ៣០,០០០ សន្លឹក
៤៖ ម៉ាស់វះកាត់ (Surgical Mask) ចំនួន ១.៥០០,០០០ សន្លឹក
៥៖ វ៉ែនតាសុវត្ថិភាព (Medical Goggles) ចំនួន ៣០,០០០
៦៖ ទែរម៉ូម៉ែត្រ អិនហ្វ្រារ៉េត (Infrared Thermometer) ចំនួន ២០០។
ពិធីប្រគល់-ទទួលសម្ភារបរិក្ខារវេជ្ជសាស្រ្ត សម្រាប់បម្រើឱ្យការការពារ និងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ជំនួយថ្មីមួយទៀត នាថ្ងៃនេះរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលជាមិត្តដែកថែប សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានបញ្ជាក់កាន់តែច្បាស់អំពីដំណើរឈានទៅសម្រេចបានការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន។
រដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ចិន បាននិងកំពុងកាន់ដៃគ្នា ស្មាប្រកៀកស្មា ឈរយ៉ាងរឹងមាំក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបន្តនិរន្តរភាពសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជាមិត្តដែកថែប តែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទោះជាក្នុងកាលៈទេសៈណាក៏ដោយជាពិសេស បច្ចុប្បន្នយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាតត្បាតនៃកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស៕