(ភ្នំពេញ)៖ កងអន្តរាគមន៍លេខ៥៩៤ នៃបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ការពារគោលដៅរាជធានីភ្នំពេញ បានទទួលអំណោយសម្ភារបរិក្ខា និងថវិកា ពីក្រុមហ៊ុន «មាសមនហ្វាម៉ា» និងសមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៥២លានរៀល។
ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមវត្តមានឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន មេបញ្ជាការកងអន្តរាគមន៍ ៥៩៤ និងលោក ស៊ឹម មាស អគ្គនាយកក្រុមហ៊ុន មាសមនហ្វាម៉ា និងជាប្រធានសមាគមន៍អ្នកលក់គ្រឿងសម្អាងកម្ពុជា។
ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រទេសជាច្រើនលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានជួបនូវវិបត្តិជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ រងនូវផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងធ្ងន់ធ្ងរ ពិសេសធ្វើឱ្យមានអ្នកឆ្លងជំងឺ និងស្លាប់ប្រជាជនយ៉ាងច្រើន។ ដោយឡែក កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានគ្រប់គ្រងស្ថានការណ៍ដ៏អាក្រក់នោះយ៉ាងល្អប្រសើរ និងពុំមានពលរដ្ឋកម្ពុជា ឬជនបរទេសណាម្នាក់ស្លាប់បាត់បង់ជីវិត ដោយជំងឺដ៏កាចសាហាវនោះ នៅលើទឹកដីកម្ពុជានោះឡើយ។
ឧត្តមសេនីយ៍ឯក យិន ច័ន្ទធូន បានបន្តថា អង្គភាពបញ្ជាការដ្ឋានអង្គរកទាំងមូល បានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន នូវវិធានការការពារ ប្រយុទ្ធប្រឆាំងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាបទបញ្ជា និងសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដោយប្រើប្រាស់មធ្យោបាយជាច្រើនរួមមាន ការដាក់ឱ្យប្រើប្រាស់ នូវបន្ទប់ម៉ាស៊ីនបាញ់សម្លាប់មេរោគ ម៉ាស៊ីនត្រួតពិនិត្យស៊ីតុណ្ហភាព ទឹកអាល់កុល និងជែលលាងដៃសម្លាប់មេរោគ តាមប៉ុស្តិ៍យាមច្រកចេញចូល កន្លែងធ្វើការ កន្លែងស្នាក់នៅ និងអាហារដ្ឋាន ហើយការយាមប្រចាំការ ឬចេញបេសកកម្ម កងកម្លាំងទាំងអស់ ពាក់ម៉ាស់ជាប់ជាប្រចាំ រហូតមកដល់ពេលនេះ មិនមាននាយទាហាន ពលទាហានណាម្នាក់របស់បញ្ជាការដ្ឋានអង្គរក្ស បានឆ្លងនូវជំងឺប្រភេទថ្មី កូវីដ-១៩នោះឡើយ។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ជោគជ័យ និងសមិទ្ធផលសម្រេចបានទាំងនេះ គឺដោយសារការដឹកនាំ ដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងការយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដ៏ម៉ឺងម៉ាត់ របស់នាយពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ប្រកបដោយឆន្ទះតស៊ូ អំណត់ ព្យាយាម គោរពតាមគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងគោរពតាមអភិក្រមរបស់បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ បម្រើ។
លោក ស៊ឹម មាស បានថ្លែងថា ក្រុមហ៊ុនរបស់លោកតែងតែជួយសម្រួលដល់ការលំបាក របស់អង្គភាពកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាក ដោយប្រការផ្សេងៗ តួយ៉ាងដូចជាការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបាននឹងកំពុងកើតមានក្នុងប្រទេសកម្ពុជា នាពេលនេះ៕