(កណ្តាល)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានទាត់ចោលការផ្សព្វផ្សាយ មិនបានឆ្លុះបញ្ចាំងអំពីការពិតរបស់លោក ផែង វណ្ណៈ តាមរយៈ Facebok ដែលមានឈ្មោះ Pheng Vannak News នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ដែលលើកឡើងថា «គ្រួសារជនរងគ្រោះករណីដីធ្លី ដែលចៅក្រមសាលាដំបូងខេត្តកណ្ដាលចាប់ឃុំខ្លួន អំពាវនាវរកយុត្តិធម៌»។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានពន្យល់យ៉ាងលម្អិតពាក់ព័ន្ធ អង្គហេតុនៃការចោទប្រកាន់, អំពីកិច្ចនីតិវិធី នៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មុននឹងចេញដីកាសម្រេចលើសំណុំរឿងនេះ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសង្កត់ធ្ងន់ថា «សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបបន្ថែមថា ការលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គម (FACEBOOK ដែលមានឈ្មោះ Pheng Vannak News គឺបានប៉ះពាល់ស្ថាប័នតុលាការយ៉ាងធ្ងន់ធ្ងរ។ ការធ្វើអត្ថាធិប្បាយនេះ បានបំពានទៅនឹងបទប្បញ្ញត្តិមាត្រា៥០២, មាត្រា៥២៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងន័យនេះសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល រក្សាសិទ្ធិក្នុងការអនុវត្តច្បាប់ដែលមានចែងជាធរមាន»។
ចំពោះសំណុំរឿងនេះដែរ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ខ្លួនស្វាគមន៍ ចំពោះភាគីដែលមានផលប្រយោជន៍ពាក់ព័ន្ធអាចដាក់ពាក្យប្តឹង អំពីចំណាត់ការ ដែលមានភាពមិនប្រក្រតី ឬអំពីចំណាត់ការនៃនីតិវិធីទៅអធិការកិច្ច នៃក្រសួងយុត្តិធម៌បានគ្រប់ពេលវេលា៕