(ភ្នំពេញ)៖ រចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាល និងផ្តល់សេវាសុខាភិបាលនៅតាមរាជធានី-ខេត្ត ត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ។ ពិធីផ្ទេររចរនាសម្ព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលពីក្រសួងសុខាភិបាល ទៅកាន់រដ្ឋបាលរាជធានី-ខេត្ត ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
មន្ទីរសុខាភិបាលនៅទូទាំងរាជធានី-ខេត្ត ដើមឡើយ គឺស្ថិតនៅក្រោមការគ្រងដោយផ្ទាល់របស់ក្រសួងសុខាភិបាល។ តែនៅឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅតាមរាជធានី-ខេត្ត ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ជាអ្នកគ្រប់គ្រងវិញ ក្នុងបំណងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិតការធ្វើសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវផ្ដល់សេវាសុខាភិបាលឱ្យកាន់តែកៀកប្រជាពលរដ្ឋ។
លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានឱ្យដឹងថា រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលបច្ចុប្បន្ន ត្រូវផ្ទេរទៅឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត រួមមាន៖ មន្ទីរសុខាភិបាលចំនួន២៥ មន្ទីរពេទ្យបង្អែករាជធានី-ខេត្តចំនួន២៥ ការិយាល័យស្រុកប្រតិបត្តិចំនួន១០៣ មន្ទីរពេទ្យបង្អែកក្រុង ស្រុក ចំនួន៩២ មណ្ឌលសុខភាពចំនួន១,២២១ និងប៉ុស្តិ៍សុខភាពចំនួន១២៧។
បើតាមលោក ង៉ាន់ ចំរើន បានឱ្យដឹងថា ទន្ទឹមនឹងការផ្ទេររចនាសម្ព័ន្ធហើយនោះ ក្រសួងសុខាភិបាល ក៏បានផ្ទេរធនធានមនុស្ស ដែលកំពុងបំពេញការងារតាមមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៅឱ្យរដ្ឋបាលរាជធានី-ខេត្តផងដែរ។ បុគ្គលិក និងគ្រូពេទ្យ ដែលកំពុងបំពេញការងារចំណុះឱ្យមន្ទីរសុខាភិបាលនេះ មានចំនួន ២០,១២៤នាក់ ក្នុងនោះមានគ្រូពេទ្យកំពុងបំពេញការងារនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ១៧,២៣៨នាក់ បុគ្គលិកបម្រើការងាររដ្ឋបាលនៅមន្ទីរ និងការិយាល័យសុខាភិបាលចំនួន ២,៨៨៦នាក់ ព្រមទាំងបុគ្គលិកកិច្ចសន្យាជិត ៣ពាន់នាក់ផ្សេងទៀត។
ទន្ទឹមនឹងការផ្ទេររចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលទៅថ្នាក់រាជធានី-ខេត្តនេះ រាជរដ្ឋាភិបាលក៏បានសម្រេចទម្លាក់ថវិកាសម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធមន្ទីរសុខាភិបាលទៅថ្នាក់ក្រោមជាតិផងដែរ។ យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២០ ថវិកាប្រមាណ ១៦៦.៥លានដុល្លារត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ហើយទ្រព្យសម្បត្តិកំពុងប្រើប្រាស់ដោយមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទក៏ត្រូវផ្ទេរមកឱ្យរដ្ឋបាលរាជធានី-ខេត្ត នាពេលខាងមុខដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសនោះថា ទោះបីតួនាទីនៃការគ្រប់គ្រងមន្ទីរសុខាភិបាលត្រូវទម្លាក់ទៅរដ្ឋបាលរាជធានី-ខេត្ត តែក្រសួងសុខាភិបាលនៅតែមានតួនាទីចំបាច់មួយចំនួនដដែល។ ដូចជាការកសាងច្បាប់ កំណត់របៀបវារៈគោលនយោបាយសុខាភិបាលជាតិ កំណត់ស្តង់ដារបច្ចេកទេស ផ្ដល់គោលការណ៍ណែនាំនានា ពិនិត្យ និងតាមដានវាយតម្លៃស្នាដៃប្រព័ន្ធសុខាភិបាលជាដើម។
លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើរដ្ឋបាលរាជធានីខេត្តខិតខំកៀរគរការគាំទ្រថវិកា សម្ភារៈ និងបច្ចេកទេស និងប្រើប្រាស់ធនធាន ដើម្បីផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្រគល់មុខងារគ្រប់គ្រងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត គឺជាសមិទ្ធផលប្រវត្តិសាស្ត្រនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បន្ទាប់ពីបានដំណើរការរយៈពេលជាង១០ឆ្នាំមកនេះ។
សម្ដេច ស ខេង បានមានប្រសាសន៍ថា ផ្អែកតាមប្រព័ន្ធគ្រប់គ្រងសុខាភិបាលថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្ត នឹងក្លាយជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលនានា ហើយអ្វីដែលរដ្ឋបាលរាជធានីខេត្តត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលនោះ គឺការបំពេញការងារដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលបានកំណត់ដោយក្រសួងសុខាភិបាល ។
សម្ដេចបានបន្តថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តត្រូវមានតួនាទីទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តសាមី ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានទទួលខុសត្រូវការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់ជូន។
ដើម្បីធានាឱ្យរដ្ឋបាលរាជធានី-ខេត្ត អាចចាប់ផ្ដើមគ្រប់គ្រងចាត់ចែងមុខងារផ្ដល់សេវាសុខាភិបាលដែលបានផ្ទេរប្រកបដោយការទទួលខុសត្រូវ សម្ដេចបានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តសាមីឱ្យបានទូលំទូលាយ៕