(ភ្នំពេញ)៖ មនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់និងស្រាល ខណៈចតម៉ូតូនៅស្ងៀម ត្រូវរថយន្ដដឹកទឹកកក១គ្រឿង បើកបុករួចបន្តទៅបុករះ អ្នកលក់ប្រហិតបំពងនៅ ចិញ្ចើមផ្លូវបង្ករការភ្ញាក់ផ្អើល នៅវេលាម៉ោង០១និង៣០នាទី រសៀលថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចទល់ មុខសាលាបឋមសិក្សាតេជោ ហ៊ុនសែន ទួលសង្កែ ផ្លូវលេខ៩០៧ ក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះទី១ឈ្មោះឆើ រ៉ាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរគ្រូបង្រៀន ទី២ឈ្មោះ ជា ស្រេង អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងជាម្ចាស់ម៉ូតូម៉ាកឃ្លីច ពណ៌ក្រហមពាក់ស្លាកលេខសៀមរាប 1T-2037។ រីឯអ្នកបង្ករឈ្មោះ សុខ ជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាព្រូ រថយន្ដដឹកទឹកកក ស្នាក់នៅផ្ទះជួលក្បែរចំណុចកើតហេតុខាងលើ ចំណែករថយន្ដបង្កម៉ាក KAIពណ៌ស ប្រភេទ១តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ2AE-4593។
មន្ត្រីនគរបាលចរាចរ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ដដឹកទឹកកកមានគ្នា២នាក់ បើកមកឈប់ នៅចំណុចកើតហេតុ ដើម្បីដាក់ទឹកកកឲ្យភ្ញៀវ ខណៈកំពុងដាក់ទឹកកក ក៏ត្រូវបានព្រូរថយន្ដចូលទៅក្នុងកាប៊ីនកាច់សោរ រួចបញ្ឆេះរថយន្ដដែលកំពុងជាប់លេខស្រាប់ តែជ្រុលចង្កូតទៅបុករះ មនុស្សម្នាក់ ដែលអង្គុយលើម៉ូតូបណ្ដាលឲ្យ រងរបួសស្រាលរួចបន្ត ទៅបុករះអ្នកលក់ប្រហិតបំពងម្នាក់ទៀតបណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានដឹកតាមរឺម៉កកង់បី យកសង្គ្រោះនៅឯមន្ទីរពេទ្យឯកជន ដែលនៅក្បែរនោះ។
ក្រោយកើតហេតុ នគរបាលចរាចរណ៏ បានធ្វើការវាស់វែង និងសម្រេចយករថយន្ដបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ គ្នានៅពេលក្រោយ៕