(មណ្ឌលគិរី-ក្រចេះ)៖ គោយន្តកន្រៃ្តយ៍ ឫគេហៅថា តេឡេថង ជាច្រើនគ្រឿង ដឹកឈើមានមុខកាត់ធំៗ ជាច្រើនដុំ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា កំពុងសម្រុកដឹកជញ្ជូនពីកន្លែងស្តុក ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅចំណុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។

សកម្មភាពសម្រុកដឹកឈើប្រភេទប្រណិតយ៉ាងច្រើនជាហូរហែខាងលើនេះ បានកើតមានឡើងក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានប្រកាសចេញ​វិធានការ​ដ៏ក្តៅគគុកលើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត ក្នុងនោះមានអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។

ប្រជាពលរដ្ឋរស់នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា នៅតាមផ្លូវកុងមិន ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រយៈពេលប៉ុន្មាន​ថ្ងៃនេះ គេសង្កេតឃើញមានគោយន្តកន្រ្តៃយ៍ជាច្រើនគ្រឿង បានដឹកឈើមានមុខកាត់ធំៗ ចេញពីកន្លែងស្តុកនាំទៅកាន់ប្រទេសវៀតណាម ដែលសកម្មភាពទាំងនេះ ក្រុមឈ្មួញបានប្រើរូបភាពប្រជាពលរដ្ឋ ដឹកតាមគោយន្តប៉ុន្តែធាតុពិតនៅពីក្រោយសុទ្ធតែក្រុមឈ្មួញឈើធំៗ ។

សេចក្តីរាយការណ៍បានបន្តថា ចុះពីផ្លូវជាតិចូលតាមផ្លូវកុងមិន បានចំងាយប្រមាណ១០គីឡូម៉ែត្រ មានដេប៉ូមួយកន្លែងស្តុកឈើដែលគេអះអាងថា ជារបស់ក្រុមហ៊ុនចិន មិនកុង តែធាតុពិតជារបស់ក្រុមឈ្មួញគរទុកចោលនៅទីនោះ។ ហើយបន្តដំណើរទៅមុខទៀត ចំងាយប្រមាណ៤០គីឡូម៉ែត្រ មានប៉ារ៉ាស់មួយ ដែលនៅទីនោះមានកងនគរបាល និងអាវុធហត្ថ យាមប្រចាំការ ដែលជាកន្លែងដេប៉ូស្តុកឈើទី២ ហើយឈើទាំងនេះភាគច្រើន ត្រូវបានកាប់ និងដឹកជញ្ជូន​ចេញពីខេត្តមណ្ឌលគិរី។ សម្រាប់ច្រកនាំចេញទៅកាន់ ប្រទេសវៀតណាមវិញ ត្រូវបានប្រជាពលរដ្ឋដឹងរឿងបានលួចបង្ហើបថា គឺទៅតាមផ្លូវជាតិលេខ៧ កាត់តាមចំណុច​ខ្លាស្ទុះ ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ទន្លេចាម ខេត្តត្បូងឃ្មុំ។

ចំពោះការសម្រេចបង្កើតគណៈកម្មាការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ឧទ្ធម្ភាគចក្រចំនួពីរគ្រឿង សម្រាប់ប្រតិបត្តិការបង្រ្កាបជំនួញឈើនេះផងដែរ។ តាមរយៈគណៈកម្មាការ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រជាពលរដ្ឋសង្ឃឹមថា នឹងជួយឲ្យបានចំពោះធនធានព្រៃឈើនៅកម្ពុជា បានគង់វង្សកាន់តែប្រសើរឡើង៕

 

Posted by Fresh News Photo on Saturday, January 16, 2016