(ព្រះវិហារ)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភចៅស្រីរបស់ខ្លួនឯង រហូតបានសម្រេច នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ រួមជាមួយបងប្រុស ដែលមានអាយុទើបតែ១០ឆ្នាំ បានដេកជុំគ្នាជាមួយជីតា ដោយក្មេងស្រីរងគ្រោះដេកក្បែជីតា ចំណែកឪពុកម្តាយទៅខេត្តបាត់ដំបង និងជីដូនទៅខេត្តសៀមរាប។ ស្របពេលកំពុងដេកជុំគ្នានោះ បងប្រុសក្មេងស្រីរងគ្រោះ បានភ្ញាក់បើកភ្នែកឡើង ឃើញជីតាកំពុងដេកពីលើប្អូនស្រីរបស់ខ្លួន ឃើញដូច្នោះខ្លួនក៏បិទភ្នែកសំងំដេកវិញ ចំណែកជីតាប្រហែលជាដឹងថាខ្លួនមើលឃើញ ក៏ទម្លាក់ខ្លួនដេកក្រោយក្មេងស្រីរងគ្រោះវិញទៅ។
លោក ឱ សេង បានឱ្យដឹងទៀតថា លុះម៉ោងប្រហែល៥ទៀបភ្លឺ បងប្រុសជនរងគ្រោះក៏នាំប្អូនស្រីរបស់ខ្លួនដើរមកផ្លូវ ដើម្បីរកឡានជិះទៅខេត្តសៀមរាប ជួបជាមួយជីដូន ជាមួយគ្នានោះជីតាកំហូចនោះ បានគម្រាមមិនឱ្យក្មេងទាំង២ និយាយប្រាប់អ្នកណានោះទេ បើហ៊ាននិយាយគាត់នឹងសម្លាប់ចោល។ ស្របពេលកំពុងឈរចាំឡាន អ្នកជិតខាងឃើញក៏ហៅមកសួរនាំ ពេលនោះក្មេងទាំង២ បាននិយាយប្រាប់អស់ពីសកម្មភាពរបស់ជីតារបស់ខ្លួន។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីពួកគាត់បានស្តាប់ការរៀបរាប់របស់ក្មេងទាំង២រួនេះរួច ក៏រាយការណ៍ទៅប៉ូលីស ភ្លាមៗនោះប៉ូលីសក៏ចុះមកភ្លាម ធ្វើការឃាត់ខ្លួនជនសង្ស័យជាជីតាកំហូចនោះ តែម្តងព្រមទាំងបានទូរសព្ទហៅឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលនៅខេត្តបាត់ដំបងនោះឱ្យដឹង និងដាក់ពាក្យប្តឹងផងដែរ។
លោកអធិការស្រុកបានឱ្យដឹងទៀតថា ជនសង្ស័យជាជីតាមានឈ្មោះ ប៊ូ សេង អាយុ៧៦ឆ្នាំ មុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ខ.ស.ម ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការបញ្ជាក់ពីគ្រូពេទ្យ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដៀម្បីចាត់ការបន្តទៅតាមច្បាប់៕